កន្លងមកយុវសិស្ស រ៉ាឌី ភានុមា តែងតែបានបញ្ចេញស្នាដៃរបស់ខ្លួន តាមរយ:ការគូរគំនូរឌីជីថល ជារូបគ្រឿងចក្រផ្សេងៗបានយ៉ាងស្ទាត់ជំនាញ ប៉ុន្តែអ្វីដែលកាន់តែពិសេស យុវសិស្ស រ៉ាឌី ភានុមា បានប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot ថែមទៀតផង។
បើយោងតាមការចេញផ្សាយដោយ ក្រសួងអប់រំ យុវជន និងកីឡា មុននេះបន្តិច បានឱ្យដឹងថា “យុវសិស្ស រ៉ាឌី ភានុមា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាវិស្វករវ័យក្មេងកម្ពុជា ទទួលបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot។ បច្ចុប្បន្ន ភានុមា កំពុងសិក្សាគម្រោងមួយទៀត គឺការឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងសង្វាក់ផលិតកម្មជាក់ស្តែង ដែលដៃរ៉ូបូតនោះ មានទំហ៊ំធំជាកម្រិតឧស្សាហកម្មតែម្តង។”