រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ( https://www.verify.gov.kh/ )ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ។
កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាដាក់ឲ្យប្រើប្រព័ន្ធ QRCode ថ្មីនេះ ក្នុងគោលបំណងធំៗ៣៖
ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QRCode ស្តង់ដា នៅលើឯកសារដល អាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ត្រូវធ្វើផែនការដាក់បញ្ចូល QRCode ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើឯកសាររបស់ខ្លួន។ សម្រាប់នីតិបុគ្គលឯកជន ដែលមានបំណងដាក់បញ្ចូល QRCode ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh លើឯកសាររបស់ខ្លួន អាចធ្វើការស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលសំណើសុំដាក់បញ្ចូល QRCode ស្តង់ដា តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយសំណើនោះត្រូវផ្ដល់ព័ត៌មានដូចខាងក្រោម៖
- ឈ្មោះឯកសារដែលត្រូវប្រើ QRCode ស្តង់ដា
- គំរូរបស់ឯកសារ
- ចំនួនឯកសារដែលត្រូវប្រើ QRCode ស្តង់ដា
- ឈ្មោះនិងលេខទំនាក់ទំនងរបស់ជនបង្គោលដែលទទួលបន្ទុកការងារ។
ក្នុងករណីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលកំពុងបើ QRCode នៅលើ ឯកសាររបស់ខ្លួន អាចរៀបចំផែនការផ្ទេរការប្រើ QRCode ដែលមានស្រាប់មកប្រើ QRCode ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ បានតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំផែនការដាក់បញ្ចូល QRCode ស្តង់ដា នៅលើឯកសារតាមការ ស្នើសុំរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ឱ្យបានរួចរាល់តាមផែនការ ដែលបានព្រមព្រៀង ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ដែលទទួលបានឯកសារ ដែលដាក់បញ្ចូល QRCode ស្តង់ដា ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាចប្រើតាមតម្រូវការចាំបាច់របស់ស្ថាប័ន រៀងៗខ្លួន។
ការប្រើឯកសារដែលមានដាក់បញ្ចូល យូ.អ.កូដ ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ការប្រើឯកសារដែលមានដាក់បញ្ចូល QRCode ស្តង់ដា អាចផ្ទៀងផ្ទាត់បានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ មួយវិញទៀត ការផ្ទៀងផ្ទាត់ឯកសារដែលដាក់បញ្ចូល QRCode ស្តង់ដា លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនតម្រូវឱ្យមានការបង់កម្រៃឡើយ។
បន្ថែមពីលើនេះ ការបង់កម្រៃសេវាលើការស្នើសុំដាក់បញ្ចូល QRCode ស្តង់ដា លើឯកសារដោយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ដែលទទួលបានឯកសារ ដែលដាក់បញ្ចូល QRCode ស្ដង់ដា មានសិទ្ធិរក្សាទុកឯកសារក្នុងប្រព័ន្ធទិន្នន័យរបស់ខ្លួន ឬរបស់មជ្ឈមណ្ឌលទិន្នន័យ របស់ប្រតិបត្តិករដែលទទួលបានអាជ្ញាបណ្ណពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬស្នើសុំឱ្យក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ រក្សាទុកក្នុងមជ្ឈមណ្ឌលទិន្នន័យជាតិ៕