រឿងអស្ចារ្យចំនួន៤ ដែលកូនខ្មែរអាចទាញយកប្រយោជន៍ចេញពី QRCode ខណៈមនុស្សជាច្រើនគិតថាសាមញ្ញ
ផែន ផាន់ណា
OCTOBER 17 2022
នវានុវត្តន៍
385 views
2 mins read

QRCode ដែលមនុស្សគ្រប់គ្នាបានស្គាល់កន្លងមក តាមរយៈការទូទាត់ប្រាក់ និងការស្កេនផ្សេងៗ ត្រូវបានប្រជាជនខ្មែរនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេសតាំងពីកូវីដ១៩ ចាប់ផ្ដើមរីករាលដាលដំបូង។ QRCode នេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ដោយជនជាតិជប៉ុន គឺលោក Denso Wave។

កម្ពុជាបានប្រើប្រាស់ QRCode ដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងការរស់នៅ។ និយាយដល់ចំណុចនេះ Technology Cambodia និងលើកយកភាពអស្ចារ្យទាំង៤ ដែលកូនខ្មែរបានយក QRCode ធ្វើជាអាជីវកម្ម និងច្នៃវាសម្រាប់ដោះស្រាយបញ្ហាមួយចំនួនក្នុងសង្គម ដោយភាពអស្ចារ្យទាំង៤នោះរួមមាន៖

១. កម្ពុជាប្រើ QRCode នៅលើផ្លាកលេខយានយន្តដំបូងគេលើពិភពលោក : បើតាមការបញ្ជាក់របស់លោកហ៊ាង  សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួង និងជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា QRCode ដែលកម្ពុជាប្រើនៅលើផ្លាកលេខឡាន ម៉ូតូ និងយានយន្តមួយចំនួនទៀតនោះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងដំបូងបង្អស់លើពិភពលោក ខណៈ QRCode នេះគឺក្រសួងសាធារណការប្រើសម្រាប់ ផ្ទុក​ URL សម្រាប់ផ្ទៀតផ្ទាត់គល់បញ្ជី​ ឯកសារនានាក្នុងវិស័យ​ សាធារណការ​ និងដឹកជញ្ជូ​ន។

Use This Siv Channa009

២. កម្ពុជាយក QRCode ធ្វើជា KHQR ដើម្បីឱ្យប្រជនពលរដ្ឋទូទាត់លុយបានសឹងគ្រប់ធនាគារក្នុងស្រុក : ដូចដែលយើងបានឃើញជាក់ស្ដែងស្រាប់ QRCode ដែលដាក់ឱ្យយើងទូទាត់ប្រាក់នៅតាមកន្លែងលក់ដូរផ្សេងៗ សុទ្ធតែមានភ្ជាប់មកជាមួយនៅ KHQRcode ដើម្បីឱ្យអតិថិជន អាចទូទាត់លុយបានស្ទើរគ្រប់ធនាគារក្នុងស្រុក លើកលែងតែធនាគារ ដែលមិនមែនជាដៃគូរបស់ Bakong។

May be an image of text

៣. សហគ្រិនខ្មែរ​ ច្នៃ QRCode ធ្វើជាសេវាកម្មស្រង់វត្តមានបុគ្គលិក និងគ្រប់គ្រងបុគ្គលិកតាមក្រុមហ៊ុន : លោកឡី កំថូង សហស្ថាបនិករបស់ CheckinMe បានកែច្នៃ QRCode មកធ្វើជាកន្លែងស្កេនវត្តមានចេញចូលរបស់បុគ្គលិកតាមស្ថាប័នផ្សេងៗ ដោយក្នុងនោះបូករួមទាំងការគ្រប់គ្រងបុគ្គលិកពីចម្ងាយផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន CheckinMe ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនរាប់រយនៅក្នុងស្រុក តាមរយៈការយក QRCode មកជំនួសម៉ាស៊ីនស្កេនមេដៃនេះ។

CheckinMe - Digital ស្រង់វត្តមាន

៤. សហគ្រិនខ្មែរយក QRCode ធ្វើជាម៉ឺនុយឌីជីថល សម្រាប់ភ្ញៀវតាមហាងផ្សេងៗស្កេនចូលកុម៉្មង់ : លោក ង៉ែត សុផាត សហស្ថាបនិករបស់ eCO បានឆក់យកឱកាសចេញពី QRCode តាមរយៈការធ្វើម៉ឺនុយឌីជីថល សម្រាប់ភ្ញៀវតាមហាង ឬភោជនីយដ្ឋានស្កេនចូលកុម៉្មង់។ សហគ្រិនរូបនេះ បានមើលឃើញពីបញ្ហាមួយចំនួន ដែលម្ចាស់ហាងនីមួយៗ ត្រូវចំណាយលុយរាប់រយដុល្លារ ដើម្បីឌីហ្សាញសៀវភៅម៉ឺនុយ ហើយមិនអាចកែប្រែតម្លៃបាន សូម្បីតែពេលមានប្រូម៉ូតសិន។ បច្ចុប្បន្ន QRCode របស់ eCO កំពុងដំណើរការតាមហាងរាប់រយកន្លែងក្នុងក្រុងភ្នំពេញ ដែលនេះគឺជោគជ័យដំណាក់កាលដំបូងមួយ សម្រាប់កូនខ្មែរកែច្នៃ QRCode មកធ្វើជាម៉ឺនុយឌីជីថលដំបូងគេនៅកម្ពុជាយើង។

Photo 2022 10 09 15 31 25

ជាចុងក្រោយ Technology Cambodia រំពឹងថានឹងមានកូនខ្មែរយើងផ្សេងៗទៀត អាចទាញយកប្រយោជន៍ចេញពី QRCode ឬបច្ចេកវិទ្យាផ្សេងទៀត ដើម្បីចូលរួមដោះស្រាយបញ្ហារបស់មនុស្ស ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ៕

ចងក្រងដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team