នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកអាយធី ដែលកំពុងមានបំណង ចង់ចូលរួមធ្វើការងារជាក្រុម ព្រោះពេលនេះលោកលី សុក្រឹតគុលិកា ដែលជាអ្នកជំនាញលើផ្នែកអាយធី ដោយលោកធ្លាប់ធ្វើជាអ្នកបង្កើតផ្នែកមួយរបស់គម្រោង Sastra films ហើយលោកក៏កំពុងធ្វើគម្រោងមួយទៀតឈ្មោះថា AKAKRA ដែលផ្ដោតសំខាន់ទៅលើការកែអក្ខរាវិរុទ្ធនៅលើ App និង Website ផងដែរ(ដូចទៅនឹងកម្មវិធី Grammarly របស់បរទេសដែរ)។
លោកសុក្រឹត បានប្រាប់ក្រុមការងារ Technology Cambodia ថា បច្ចុប្បន្ននេះលោកកំពុងតែធ្វើគម្រោងមួយឈ្មោះ AKAKRA (អក្ខរា) ដែលគម្រោងមួយនេះ គឺបើកទូលាយដល់អ្នកអាយធី ឬអ្នក Developer ផ្សេងៗអាចចូលរួមជាមួយបាន។ គម្រោងនេះធ្វើឡើងសម្រាប់គោលដៅចម្បងចំនួន២ គឺ ទី១). លោកចង់ប្រមូលក្រុមអ្នកអាយធី ធ្វើជាសហគមន៍មួយ ព្រោះចង់ឱ្យអ្នករៀនអាយធីគាត់មានជម្រើស ក្រៅពីរៀនចប់ធ្វើការឱ្យគេ ពួកគាត់អាចងាកមកធ្វើការជាក្រុម ដើម្បីបង្កើតអ្វីដែលថ្មី។ សម្រាប់គោលដៅទី២). គឺយើងចង់បង្កើតមុខងារមួយ សម្រាប់អ្នកអាយធីទាំងអស់ ឱ្យគាត់អាចប្រើសម្រាប់ជំនួយដល់អ្នកប្រើ សរសេរអក្សរខ្មែរ នៅលើ App ឬ Website ដែលពួកគេបានធ្វើ លែងខុសអក្ខរាវិរុទ្ធ។
លោកបានបង្កត់ធ្ងន់ថា ពេលគម្រោងមួយនេះធ្វើរួច Developer នៅកម្ពុជាគាត់អាចយកមុខងារដែល AKARA នេះ ទៅបញ្ចូលនៅក្នុងកូដរបស់ពួកគេ ដើម្បីឱ្យ ពេលដែលមានអ្នកប្រើ App របស់ពួកគាត់ សរសេរអក្សរខ្មែរលែងខុស។ និយាយជារួម គម្រោងមួយនេះគឺធ្វើយ៉ាងណា ឱ្យការសរសេរអក្សរខ្មែរនៅលើ App និង Website នៅខ្មែរ លែងសរសេរខុសអក្ខរាវិរុទ្ធតទៅទៀត។ មិនត្រឹមតែកែអក្ខរាវិរុទ្ធលើអក្សរខ្មែរទេ គម្រោងរបស់ AKAKRA ក៏គ្រោងនឹងធ្វើទៅលើភាសាអង់គ្លេស និងភាសារបស់ប្រទេសដ៏ទៃទៀតផងដែរ។
សរុបជារួមមកគម្រោង AKARA គឺអាចជួយកែអក្ខរាវិរុទ្ធនៅក្នុង App ឬ Website , ណែនាំឃ្លាដែលយើងអាចនឹងចង់សរសេរ ហើយសម្រាប់លោកអ្នកដែលចង់ចូលរួម អាចទំនាក់ទំនងទៅលោកដោយផ្ទាល់បានតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Lee Socret។
អត្ថបទដោយ៖ ផែន ផាន់ណា