ដោយសារតែតម្លៃជីថ្នាំ សម្រាប់បម្រើឱ្យវិស័យកសិកម្ម មានតម្លៃថ្លៃហួសកម្រិត ដែលបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច គួបផ្សំជាមួយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងនោះ នៅក្នុងប្រទេសតំបន់អឺរ៉ុបពិបាក នឹងទិញជីយកមកដាក់ក្នុងដំណាំរបស់ខ្លួនណាស់។ សម្រាប់បញ្ហានេះ ក្រុមអ្នកជំនាញនិយាយថា ដំណោះស្រាយគឺមិនបាច់ទីរកឯណាឆ្ងាយ ក្រៅពីជំវិញផ្ទះរបស់យើងទេ នោះគឺលាមក និងទឹកនោមមនុស្ស។
យោងតាមការចេញផ្សាយរបស់ការសែត Fossbytes ដែលដកស្រង់ការផ្សាយពី ទស្សនាវដ្តី Frontiers in Environmental Science បានឱ្យដឹងថា លាមក និងទឹកនោមមនុស្សគឺមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់ លើដំណាំដាំដុះ ព្រោះជីបែបនេះ គឺមានសារធាតុគីមីតិចខ្លាំងមែនទែន បើធៀបនឹងជីថ្មីកសិកម្មបច្ចុប្បន្ន។
ក្រុមអ្នកជំនាញទាំងនោះបានសន្និដ្ឋានផងដែរថា ជាទូទៅសម្រាប់ប្រភេទជីកំប៉ុសទាំងអស់ គឺផ្ដល់ហានិភ័យសម្រាប់សុខភាពរបស់មនុស្សទាបណាស់។ ដូច្នេះហើយ ប្រសិនបើមនុស្សចេះកែច្នៃ គ្រប់គ្រងគុណភាព លាមក និងទឹកនោមមនុស្ស ប្រហែលជាអាចជំនួសការប្រើប្រាស់ជីនៅក្នុងប្រទេសអាល្លឺម៉ង់ប្រមាណ២៥%ឯណោះ។