បញ្ញាសិប្បនិមិត្តឬហៅថា AI កំពុងត្រូវបានក្រុមអ្នកស្រាវជ្រាវកំពូលនៃក្រុមហ៊ុន OpenAI របស់ Elon Musk បានចេញមុខមកអះអាងចំៗថា បញ្ញាសិប្បនិមិត្តមានសតិដឹងខ្លួនដូចទៅនឹងមនុស្សហើយ។ លោក Ilya Sutskever ប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមស្រាវជ្រាវ OpenAI បាន និយាយនៅលើ Twitter ជាសាធារណៈហើយថា បណ្ដាញសរសៃប្រសាទធំៗរបស់បញ្ហាសិប្បនិមិត្ត នាពេលបច្ចុប្បន្ននេះចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងៗហើយ។
យោងតាមការចុះផ្សាយរបស់ Futurism ក៏បានឱ្យដឹងដែរថា មានការយល់ឃើញដូចគ្នាជាច្រើន ក្នុងចំណោមអ្នកស្រាវជ្រាវថា បច្ចេកវិទ្យា AI បានបោះជំហានទៅមុខដ៏អស្ចារ្យក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែវានៅខ្វះភាពវៃឆ្លាតដូចទៅនឹងមនុស្ស ត្រង់ចេះខ្វល់ខ្វាយពីរបស់នៅជិតខ្លួនឬមានមនសិការចំពោះផែនដីជាដើម។
គួររំលឹកដែរថា លោក Sutskever ប្រធានស្រាវជ្រាវនៅ OpenAI ត្រូវបានគេទទួលស្គាល់ការយល់ឃើញរបស់លោក ចំពោះបញ្ហា AI នេះ។ ជាក់ស្ដែក កំឡុងពេលបង្ហាញខ្លួនក្នុងខ្សែភាពយន្តឯកសារ AI “iHuman” លោកថែមទាំងបានប្រកាសថា អនាគត AGIs ឬ AI ទូទៅនឹងចូលខ្លួនមកដោះស្រាយបញ្ហារបស់មនុស្សសព្វថ្ងៃ ប៉ុន្តែក្នុងខ្សែភាពយន្តនោះ លោក Sutskever ក៏បានព្រមានដែរថា AI នឹងមានសក្កានុពលខ្លាំង ក្នុងការបង្កើតរបបផ្ដាច់ការ ដែលមានស្ថេរភាពគ្មានទីបញ្ចប់។
ដោយឡែកលោក Sutskever ក៏ធ្លាប់បានសង្កត់ធ្ងន់នៅលើ Twitter ក្នុងឆ្នាំ ២០១៥ ដែរថា ម៉ាស៊ីន ឬរ៉ូបូត ដែលចេះមានមនសិការនឹងកើតឡើងហើយ។
អត្ថបទដោយ៖ ផែន ផាន់ណា