គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់ នេះបើតាសម្តីរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកម្មពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ។
ជាមួយគ្នានេះផងដែរ ថវិកាចំនួន ៨០០លានរៀល ដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានពីការប្រារព្វពិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ត្រូវបានផ្ដល់ជូនរួចរាល់ដល់មន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកបន្ថែម ពីលទ្ធផលការងារចុះបញ្ជីយានយន្ត បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្ន គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។
គួររំលឹកផងដែរថា លើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “លេខពិសេសផ្ទាល់ខ្លួន” ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនមួយគឺ “កម្ពុជា SAMNANG9”។
បន្ទាប់មកក្នុងឆ្នាំដដែល ក្រសួងបានបរិច្ចាគថវិកាជូនកម្មវិធីរាត្រីស្រមោលសរមូលនិធិគន្ធបុប្ផាចំនួនប្រមាណ ៨០០ លានរៀល ដែលបានមកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 5” និងក្នុងឆ្នាំ២០២១ ក្រសួងបានបរិច្ចាគថវិកាជូនមូលនិធិកាត់បន្ថយភាពក្រីក្រចំនួនប្រមាណ ៨០០លានរៀល មកពីការលក់លេខចុះបញ្ជីរថយន្ត “លេខ កម្ពុជា 2” សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕
អត្ថបទ៖ ព្រឹម ភក្តី