បើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Meta ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា អង្គការខេប និងក្រុមហ៊ុន Meta បានរួមគ្នាដាក់ដំណើរការជាផ្លូវការនូវឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរដែលជាផ្នែកមួយនៃកម្មវិធីអក្ខរកម្មកំពុងដំណើរការដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta ដើម្បីជួយអភិវឌ្ឍជំនាញដែលត្រូវការដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយោគយល់ និងការប្រាស្រ័យទាក់ទងតាមឌីជីថល។
ឯកសារបណ្តុះបណ្តាលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរមាន ៤ ម៉ូឌុលសម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ៩ ដែលមានមានគោលបំណងផ្តល់ការសិក្សាទៅដល់សិស្សចំនួនពី ៣០០០ ទៅ ៥០០០ នាក់ក្នុងរយៈពេលប្រាំមួយខែនៃការសាកល្បងកម្មវិធីសិក្សាឌីជីថលថ្មីនេះចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរដែលគាំទ្រថវិកាដោយផ្ទាល់ពីក្រុមហ៊ុន Meta (Facebook) និងប្រតិបត្តិដោយអង្គការខេបសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តសាកល្បងក្នុងក្រមខណ្ឌសាលារៀនជំនាន់ថ្មីសម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧-៩) នឹងផ្ដល់នូវចំណេះដឹងល្អៗ និងបទពិសោធន៍ថ្មីៗដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលារៀនទាំងមូល។
ការគាំទ្រពីក្រុមហ៊ុន Meta ពិតជាឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មពីវិស័យឯកជនក្នុងកំណែទម្រង់អប់រំដើម្បីឆ្លើយតបនឹងគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជានៅពេលខាងមុខ»។