Meta អស់មេត្តា! ប្រហារការងារបុគ្គលិក ១១ ០០០នាក់ ឯ Mark បានត្រឹមលិខិតសរសេរលិខិត១សន្លឹក
Sakada Techie
NOVEMBER 9 2022
អាជីវកម្ម 4.0
843 views
2 mins read

នរណាទៅដែលស្រមៃថាក្រុមហ៊ុនបច្ចេកវិទ្យាបណ្ដាញសង្គមរីកចម្រើនខ្លាំងដូចជា Meta ត្រូវថយក្រោយមួយជំហ៊ាន បញ្ឈប់បុគ្គលិករាប់ម៉ឺននាក់នោះ!

យ៉ាងណាក៏ដោយ ដូចក្រុមហ៊ុនបច្ចេកវិទ្យាយក្សពីមុនៗ ក្នុងថ្ងៃ ៩ ខែវិច្ឆិការឆ្នាំ ២០២២ នេះ ស្ថាបនិកក្រុមហ៊ុន Facebook ឬ Meta បច្ចុប្បន្នបានបញ្ចេញលិខិតមួយ អានហើយស្ទង់ឃើញដល់ជម្រៅចិត្តឈឺចាប់របស់ Mark Zuckerberg យ៉ាងខ្លាំងដែលត្រូវបង្ខំចិត្តកាត់សាច់ សម្រេចបញ្ឈប់បុគ្គលិកប្រមាណ ១៣%។

១៣% ជាចំនួនស្ដាប់ទៅហាក់មិនសូវច្រើន តែគុណចែកបូកដកលេខទៅឃើញចំនួនបុគ្គលិកត្រូវឈប់សរុបមានរហូតដល់ ១១ ០០០ នាក់ ជាចំនួនដ៏ច្រើនសម្បើម។

ក្នុងលិខិតរបស់ Mark ដែលបញ្ចេញផ្លូវការនៅលើ លើកឡើងថា ការសម្រេចចិត្តដ៏លំបាកនេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងក្រុមហ៊ុន កាត់បន្ថយការចំណាយ និងមិនមានការរើសបុគ្គលិកបន្ថែមទៀតឡើយ លុះត្រាតែមានការជូនដំណឹងជាថ្មីទៀត។

Mark ក៏បានសារភាពដែរថាលោកបានដើរខុសមួយជំហានធំ ដោយចាប់ផ្ដើមពីកាលផ្ទុះកូវីដដំបូង លោកបានបង្កើនការវិនិយោគជាខ្លាំងពង្រីកគ្រប់ធនធានក្នុងក្រុមហ៊ុន ដោយជឿរជាក់ថា បើទោះជាកូវីដរសាយទៅក្ដី ចំណូលនឹងបន្តកើនទៀត តែអ្វីៗប្រែខុសស្រឡះ ក្រោយកូវីដស្រាកស្រាន្តទៅវិញ។

សេដ្ឋីប្រាក់ពាន់លានដុល្លាររូបនេះក៏បានធ្វើការបន្ទោសទៅលើ ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច កំណើននៃដៃគូរប្រកួតប្រជែង និង ការធ្លាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

ទំនងជាទាល់ច្រកមែនទែនហើយ ទើបលោកសម្រេចចិត្តបែបនេះ ហើយនៅពាក់កណ្ដាលលិខិត ឬសេចក្ដីប្រកាសព័ត៌មានផ្លូវការដែលចេញផ្សាយដោយ Facebook នោះ Mark បានប្រាប់ពីដំណោះស្រាយរបស់លោកកន្លងទៅថា បានកែប្រែការផ្ដោតលើការងារទៅកាន់ផ្នែក AI បច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ផ្លេតហ្វមរបស់អាជីវកម្ម និង របរខាតលុយ Metaverse។

មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្មានខែចុងក្រោយនេះ Meta បានធ្វើការកាត់ចំណាយនៅតាមផ្នែកជាច្រើន កាត់បន្ថយអត្ថប្រយោជន៍មិនសូវមានប្រយោជន៍របស់បុគ្គលិក ព្រមទាំងបិទចោលនូវអចលនទ្រព្យ ឬនិយាយឱ្យស្រួលស្ដាប់បិទការិយាល័យមួយចំនួនចោលតែម្ដង។

បញ្ឈប់បុគ្គលិកយ៉ាងសម្បើមក៏ពិតមែន តែយើងអាចនិយាយបានថា Mark Zuckerberg ជាថៅកែចិត្តធម៌ម្នាក់ ដោយទទួលខុសត្រូវសងប្រាក់ខែដល់បុគ្គលិកដែលត្រូវឈប់ចំនួន៤ខែ បូករួមទាំងប្រាក់អតីតភាពការងារផងដែរ។

អត្ថបទដោយ៖ ខុន សក្ក័ដា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia