មួយរយៈនេះមានក្រុមហ៊ុនធំៗនៅលើពិភពលោក ហាក់ខ្វែងគំនិតគ្នាច្រើន ជាពិសេសគឺអ្នកសហការជាមួយក្រុមហ៊ុន Apple តែងសំដែងការមិនមែនពេញចិត្ត ជាបន្តបន្ទាប់។ អស់ពីលោក Elon Musk ចោទថាក្រុមហ៊ុន Apple គ្រោងលុប Twitter ចេញពី App Store ឥឡូវឈានមកដល់មេធំក្រុមហ៊ុន Meta គឺលោក Mark Zuckerberg និយាយឱ្យក្រុមហ៊ុន Apple វិញម្ដង។
ស្ថាបនិករបស់ក្រុមហ៊ុន Meta គឺលោក Mark Zuckerberg បាននិយាយជាសាធារណៈនៅលើក្នុងកិច្ចប្រជុំកំពូល The New York Times DealBook កាលពីថ្ងៃពុធ ដោយបានពោលពាក្យសម្ដីថាឱ្យក្រុមហ៊ុន Apple របស់ CEO Tim Cook ថា “ក្រុមហ៊ុន Apple បានព្យាយាមលើកតម្កើងខ្លួនឯង ជាឯកតោភាគី ក្នុងការគ្រប់គ្រង App នៅលើ App Store ហើយខ្ញុំគិតថា App Store វាមិនមាននិរន្តភាព និងមិនមែនជាកន្លែងល្អនោះទេ។” នេះបើយោងតាមការចេញផ្សាយរបស់កាសែត CNBC។
លោកបានថ្លែងបែបនេះ ទាំងមិនសប្បាយចិត្ត ក្រោយពីអាជីវកម្មរបស់លោក ពិសេសលើការផ្សាយពាណិជ្ជកម្ម ទទួលរងនូវការបាត់បង់ចំណូលច្រើននៅឆ្នាំនេះ ដោយសារគោលនយោបាយរបស់ក្រុមហ៊ុន Apple ទាក់ទងនឹងការតាមដានភាគីទីបី។ ហើយការអាប់ដេតឡើងទៅ iOS 2021 របស់ Apple ធ្វើឱ្យ Facebook និងអ្នកដាក់ផ្សាយពាណិជ្ជកម្មជាមួយ Facebook ពិបាកកំណត់គោលដៅរបស់អ្នកប្រើប្រាស់ណាស់។
គូសបញ្ជាក់ថា ជាទូទៅសម្រាប់អ្នកដែលមានកម្មវិធីដាក់នៅលើ App Store គឺតម្រូវឱ្យមានការបង់ពន្ធជូនក្រុមហ៊ុន Apple ទៅតាម % ដែលក្រុមហ៊ុនបានកំណត់ ប៉ុន្មានលោក Mark Zuckerberg មិនពេញចិត្តទៅនឹងគោលការណ៍នេះទេ៕
អត្ថបទដោយ៖ ផែន ផាន់ណា