បច្ចុប្បន្ន Facebook ជាក្រុមហ៊ុនយក្សមួយចំណូលចាយមិនអស់ ចូលដល់ខ្ទង់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ តែសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook នេះមិនបណ្ដែតបណ្ដោយខ្លួនឬ សោយសុខនូវអ្វីដែលខ្លួនមានឡើយ ពោលក្រុមហ៊ុននេះជះលុយរាប់ពាន់លានដុល្លារទៅលើការស្រាវជ្រាវនិងអភិវឌ្ឍបន្ថែម។
អរគុណដល់ការបើកទូលាយឱ្យមានតម្លាភាពសម្រាប់សាធារណជនពីសំណាក់ Mark Zuckerberg មេធំ Facebook ពេលនេះមនុស្សម្នាជាច្រើនអាចនឹងដឹងថា Facebook កំពុងតែស្រាវជ្រាវលើអ្វី តួរយ៉ាងដូចជាពេលថ្មីៗ ក្រុមហ៊ុនមួយនេះបើកបង្ហាញពីគម្រោង AI ដ៏អស្ចារ្យរបស់ខ្លួនមួយឈ្មោះថា Ego4D។
គម្រោងស្រាវជ្រាវមួយនេះមានលក្ខណៈផ្សារភ្ជាប់ទៅនឹង វែនតាឆ្លាតវៃរបស់ Facebook ដែលទើបនឹងបញ្ចេញនៅថ្ងៃមុនដោយចាប់ដៃជាមួយនឹង Rayban នោះ។ បើតាមវីដេអូបង្ហាញ AI របស់ Facebook អាចមើល ស្ដាប់ និង ចាំគ្រប់យ៉ាងរាល់សកម្មភាពរបស់មនុស្សដែលបានធ្វើតាមរយៈ ការបញ្ចុកវីដេអូជាច្រើន ដល់ AI នោះជាប្រភេទវីដេអូថតពីវែនតានៅលើក្បាល ឬប្រភេទ POV ពីមនុស្សមក។
ក្នុងកិច្ចការស្រាវជ្រាវនេះ Facebook នឹងប្រមូលទិន្នន័យចាំបាច់ទាំងអស់ទុក ហើយនឹងបកមកជួយមនុស្សវិញ ក្នុងករណីសាមញ្ញៗឧទាហរណ៍ដូចជា៖ ពេលមនុស្សបាត់សោរ វង្វេងមិនដឹងទុកនៅឯណា AI របស់ Facebook នឹងធ្វើការរំលឹកឬប្រាប់ចំៗតែម្ដងថាឱ្យទៅរកឯណា។
ជាងនេះទៅទៀត AI អាចនឹងកត់ចំណាំរបៀបធ្វើម្ហូបរបស់សាច់ញាតិ ហើយក្រើនរំលឹកមនុស្សពេលកំពុងធ្វើម្ហូបដោយខ្លួនឯងថាឱ្យដាក់អ្វី ជាបន្តបន្ទាប់ កម្រិតប៉ុន្មានដើម្បីឱ្យទទួលបានរសជាតិដើមដែលខ្លួនពេញចិត្ត ឬជាការបង្រៀនរូបមន្តអ្វីមួយនៅក្នុងគ្រួសារ បើទោះជាសមាជិកនោះនៅឆ្ងាយ ឬ ចាកចេញទៅក្ដី។
AI ដើរស្រួលមិនអាចអត់ទិន្នន័យទេ Facebook បានធ្វើការសហការជាមួយនឹងសាកលវិទ្យាល័យចំនួន ១៣ ជុំវិញពិភពលោកក្នុងការប្រមូលទិន្នន័យ ដោយទទួលបានវីដេអូប្រមាណជា ៣២០៥ម៉ោង ថតដោយអ្នកចូលរួម ៨៥៥នាក់។
ស្ដាប់និងមើលរួច អាចស្រមៃថាបច្ចេកវិទ្យានេះគួរឱ្យព្រឺសម្បុរមែនទែនហើយបើធ្លាក់ក្នុងដៃជនខិលខូចអាចនឹងពិបាក តែយ៉ាងណាក៏ដោយបើតាមក្រុមហ៊ុន Facebook សម្រាប់ពេលបច្ចុប្បន្ននេះមិនទាន់មានបំណងដាក់ឱ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម (រកស៊ី) ឬប្រើជាសាធារណនោះទេ ពោលគ្រាន់តែប្រើប្រាស់ក្នុងការស្រាវជ្រាវក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។
អត្ថបទដោយ៖ Sakada Techie