ករណីក្លែងបន្លំទំព័រហ្វេសប៊ុកក្រសួងអប់រំ
ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជន មាតា បិតា អ្នកអាណាព្យាបាល ជាពិសេសបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ឱ្យបានជ្រាបថា៖ នាពេលថ្មីៗនេះ មានជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំជាច្រើនរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានប្រើប្រាស់រូបសញ្ញាតំណាងក្រសួងអប់រំ យុវជន និងកីឡា ហើយបានផ្សព្វផ្សាយអំពីការដាក់លក់ក្រដាសវិញ្ញាសា ផ្សព្វផ្សាយលេខតុលេខបន្ទប់ ដែលធ្វើឲ្យបេក្ខជនភ័ន្តច្រឡំ ពិសេសផ្ដល់លេខទូរស័ព្ទសម្រាប់ធ្វើការទាក់ទងទៀតផង។
ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ជូនថា ទំព័រហ្វេសប៊ុកផ្លូវការតែមួយគត់របស់ក្រសួងគឺ MoEYS Cambodia មានតំណ https://www.facebook.com/moeys.gov.kh មានសញ្ញាធឺកខៀវ ទទួលស្គាល់ដោយក្រុមហ៊ុន Meta ដែលមកដល់បច្ចុប្បន្ននេះមានចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកបានតាមដាន (Like) ជាង ៤,២ លាននាក់ សម្រាប់ផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន និងកីឡា ជាពិសេសការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ខាងមុខ។
ក្រសួងសូមអំពាវនាវជាថ្មីម្ដងទៀតដល់សាធារណជន មាតា បិតា អ្នកអាណាព្យាបាល ជាពិសេសបេក្ខជន សូមទៅពិនិត្យមើលឈ្មោះ លេខតុលេខបន្ទប់ ដែលនឹងបិទផ្សាយនៅតាមមណ្ឌលប្រឡងដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានពិតប្រាកដ និងស្គាល់ពីទីតាំងមណ្ឌលប្រឡង អគារ និងបន្ទប់ប្រឡងជាក់លាក់ ត្រៀមខ្លួនរួចរាល់សម្រាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។
សូមបញ្ឈប់ការប្រើប្រាស់ដែលប្រើប្រាស់រូបសញ្ញាអប់រំ យុវជន និងកីឡា ដោយគ្មានការអនុញ្ញាត្តពីក្រសួងអប់រំ យុវជន និងកីឡា។ គណនី ឬផេកលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គមនានា ដែលប្រើប្រាស់រូបសញ្ញាអប់រំ យុវជន និងកីឡា ដោយគ្មានការអនុញ្ញាត្តពីក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានលើ ផលប៉ះពាល់ដែលកើតចេញពី ការប្រើប្រាស់។
អាស្រ័យហេតុនេះ សូមសាធារណជន មាតា បិតា អ្នកអាណាព្យាបាល ជាពិសេសបេក្ខជនប្រឡងទាំងអស់មេត្តាជ្រាប និងជៀសវាងឱ្យបាននូវការចាញ់ល្បិចកលរបស់ជនខិលខូចដែលនាំឲ្យខកខាន យឺតយ៉ាវ ប៉ះពាល់ដល់ការប្រឡង ជាពិសេសអាចខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអសារបង់៕