បើយោងតាមចេញផ្សាយនៅលើទំព័រផេកផ្លូវការរបស់ គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត បានបង្ហាញអំពីការអបអរសាទរ ដល់សិស្សមកពីវិទ្យាល័យចំនួន៤ ក្នុងខេត្តកំពត ដែលបានសម្រេចគម្រោងបែបច្នៃប្រឌិតល្អៗចំនួន៥ គឺ ការផលិតសាប៊ូដុសខ្លួនពីប្រេងដូង, Solar Power Device, ការផលិតអាល់កុលចេញពីដំឡូងមី, ការបង្កើត Free Gas (Bio Gas) និង ការផលិតជីអរម៉ូនដោយប្រើប្រាស់បន្លែផ្លែឈើ។
គម្រោងទី១. ដោយមើលឃើញពីបរិមាណដូងទុំច្រើនលើសតម្រូវការ មានទីផ្សារទាបខ្លាំង ធ្វើឱ្យកសិករមួយចំនួនបោះចោលនូវដូងទុំដែលជាផលដំណាំរបស់ខ្លួន ដូច្នេះប្អូនៗដែលជាក្រុមសិស្សស្ទែមនៃវិទ្យាល័យហ៊ុនសែនឈូក បានសិក្សាលើប្រធានបទស្តីពី «ការផលិតសាប៊ូដុសខ្លួនពីប្រេងដូង»។
គម្រោងទី២. ដោយសារបច្ចុប្បន្ន្នថាមពលអគ្គិសនីដែលយើងប្រើប្រាស់បានមកពីប្រភព ធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលជាដើមចមមួយដ៏សំខាន់ដែលធ្វើឱ្យភពផែនដីឡើងកម្តៅខ្លាំង។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិនានា ក្នុងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តគោលការណ៍មិនបញ្ចេញឧស្ម័នកាបូនិច (Zero carbon) ទៅក្នុងបរិយាកាសផែនដីត្រឹមឆ្នាំ២០៥០ ទើបក្រុមប្អូនៗសម្រេចសិក្សាលើគម្រោងស្តីពី «Solar Power Device»។
គម្រោងទី៣. យោងទៅលើបរិបទកូវីដ ១៩ តម្រូវការអាល់កុលក្នុងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃកាន់តែខ្ពស់ ដែលជាហេតុបណ្តាលឱ្យតម្លៃអាល់កុលនៅលើទីផ្សារកើនឡើងជាលំដាប់ ហើយបើក្រលែកមើលវត្ថុធាតុដើមរបស់យើងមានភាពសម្បូរបែប ជាពិសេសដំឡូងមីដែលមានតម្លៃទាបនៅក្នុងទីផ្សារនៅឡើយ ដែលជាហេតុផលដ៏ចម្បងដែលប្អូនៗសិស្សស្ទែមនៃវិទ្យាល័យហ៊ុនសែនត្រសេកកោង សិក្សាលើប្រធានបទស្តីពី «ការផលិតអាល់កុលចេញពីដំឡូងមី» ក្នុងគោលបំណងជួយលើកកម្ពស់តម្លៃដំឡូងមីរបស់ប្រជាកសិករ និងផលិតជាអាល់កុលសម្រាប់ប្រើប្រាស់។
គម្រោងទី៤. ដោយមើលឃើញពីប្រភពវត្ថុធាតុដើមដែលមានស្រាប់នៅតាមផ្ទះដូចជាកែច្នៃលាមកសត្វ និងកាកសំណល់បន្លែដ៏សម្បូរបែប ដែលផលិតជាឧស្ម័នធម្មជាតិសម្រាប់ការប្រើប្រាស់ក្នុងការចំអិនម្ហូបអាហារបាន ប្អូនៗដែលមកពីវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ បានសិក្សាស្រាវជ្រាវលើប្រធានបទស្តីពី «ការបង្កើត Free Gas (Bio Gas)» ដែលក្រុមប្អូនៗបានច្នៃប្រឌិតឧបករណ៍ធុងផលិតហ្គេសដោយផ្ទាល់តែម្តង។
គម្រោងទី៥. សិស្សានុសិស្សក្លឹបសិក្សាស្ទែមដែលមកពី វិទ្យាល័យហ៊ុនសែនត្រសេកកោង បានយល់ឃើញថាដោយសារកម្ពុជាជាប្រទេសកសិកម្មមានតម្រូវការប្រើប្រាស់ជីដើម្បីបង្កើនទិន្នផលកសិកម្ម ទាំងជីធម្មជាតិ និងជីគីមី។ ហើយបន្លែ ផ្លែឈើ ជាវត្ថុធាតុដើមដែលងាយស្រួលស្វែងរកនៅតាមភូមិស្រុក ដែលធ្វើឱ្យ ប្អូនៗបានជ្រើសរើសគម្រោងស្រាវជ្រាវស្តីពី «ការផលិតជីអរម៉ូនដោយប្រើប្រាស់បន្លែផ្លែឈើ» ដែលផ្ទុកសារធាតុចិញ្ចឹម និងអ័រម៉ូនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់លើដំណាំគ្រប់ប្រភេទ។