ទើបតែចេញ ChatGPT បានប៉ុន្មានខែសោះ ក្រុមហ៊ុន Open AI ទទួលបានប្រជាប្រិយភាពខ្លាំង ខណ: ChatGPT ក៏ទទួលបានការសាទរពីមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកផងដែរ។ ជាមួយនឹងភាពល្បីល្បាញរបស់ ChatGPT នេះដែរ ក៏មានកូនខ្មែរយើង បានច្នៃ ដោយយក API ពីក្រុមហ៊ុន OpenAI ដើម្បីសម្រួលឱ្យប្រជាជនខ្មែរប្រើប្រាស់បានយ៉ាងងាយស្រួលផងដែរ៖
១. ឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេសកម្ពុជាផ្ទាល់ និស្សិតខ្មែរយើងម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ មកពីសាលាវិទ្យាភូមិន្ទភ្នំពេញ គឺលោកវ៉ា ធារ៉ា បានប្រើប្រាស់ API ពីក្រុមហ៊ុន Open AI ច្នៃចេញជា KhmerGPT ដំណើរការដោយប្រើភាសាខ្មែរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបខៀវ លោកធារ៉ា បានឲ្យដឹងថាដំបូងឡើយលោកព្យាយាមនច្នៃ KhmerGPT នេះ គឺក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលប្រជាជនខ្មែរ ចាប់ផ្ដើមផ្អើលមកប្រើ ChatGPT របស់ក្រុមហ៊ុន Open AI លោកក៏សម្រេចដាក់ឲ្យប្រើប្រាស់ KhmerGPT ដែលដំណើរការដោយខេមរភាសានេះ។ ការដាក់ឲ្យប្រើដំបូង គឺមានបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រើច្រើនរហូតដល់មានភាពយឺតយ៉ាវ ប៉ុន្តែមកទល់ពេលនេះគឺលោកបានកែតម្រូវបានយ៉ាងរលូន។ ចូលប្រើ 👉 https://khmer-gpt.vercel.app/
២. ជាមួយនឹងភាពល្បីល្បាយនៃ AI នៅបរទេសនេះ ក៏មានកូនខ្មែរយើងមកពីខេត្តសៀមរាប បានធ្វើប្រភេទ AI ដែលមានសមត្ថភាពពិសេសមួយឈ្មោះ eOcontent ដែល AI នេះអាចផលិតអត្ថបទបានសឹងតែគ្រប់ប្រភេទ ជាភាសាអង់គ្លេស និងជិត៣០ភាសាទៀត ដោយយើងគ្រាន់តែវាយចំណងជើង ឬឈ្មោះប្រធានបទដែលយើងចង់បានប៉ុណ្ណោះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមហ៊ុនការងារចាបខៀវ (Technology Cambodia) លោកស្ទេវិន ភិច (Steven Phich) បានជម្រាបថា eOcontent គឺជាដំណោះស្រាយ AI ដែលយើងបានសហការជាមួយ OpenAI ដោយវាមានសម្ថតភាពខ្ពស់ខ្លាំងណាស់ ក្នុងការបង្កើតមាតិកាស្ទើរតែគ្រប់ប្រភេទ និងទាក់ទាញ ប្រៀបបានដូចជាម្ចាស់អាជីវកម្មមាន អ្នកសរសេរមាតិកាដែលមានជំនាញវិជ្ជាជីវៈនៅក្បែរខ្លួន 24ម៉ោង/7ថ្ងៃអ៊ីចឹង។
៣.ឥឡូវនេះលោកអ្នកអាចសួរសំណួរជាច្រើនទៅកាន់ ChatGPT ដែលមាននៅលើតេឡេក្រាម ពោលគឺលោកអ្នកអាចប្រើប្រាស់ដោយមិនចាំបាច់មានលក្ខខណ្ឌប្រទេស ផ្លាស់ប្ដូរ VPN និងបំពេញព័ត៌មានស៊ាំញ៉ាំអ្វីឡើយ។ សម្រាប់អ្នកដែលចង់ប្រើ ChatGPT គឺគ្រាន់តែចូលទៅកាន់តំណភ្ជាប់តេឡេក្រាម https://t.me/chatgptkhmer_bot រួចសួរសំណួរជាភាសាអង្គគ្លេសបាន និងភាសាខ្មែរបានខ្លះៗ (លើកទឹកចិត្តឲ្យប្រើភាសាអង់គ្លេស ព្រោះភាសាខ្មែរនៅមានចម្លោះខ្វះខាត)។ បើតាមប្រភពពីគណនីរបស់អ្នកធ្វើ ChatGPT Khmer នេះ បានឲ្យដឹងថា ការដាក់ឱ្យប្រើប្រាស់ សាកល្បងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិក ឱ្យដំណើរការនៅលើ Telegram ដោយមានឈ្មោះថា ChatGPT Khmer ។ បច្ចេកវិទ្យាមួយនេះ មានសមត្ថភាពសន្ទនា និងឆ្លើយរាល់សំណួរទៅកាន់អ្នកប្រើប្រាស់បាន៕
អត្ថបទដោយ៖ ផែន ផាន់ណា