ដើមឆ្នាំថ្មី២០២៣ ពិភពលោកបានស្គាល់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលមនុស្សបានបង្កើតឡើង តួយ៉ាងដូចជាបញ្ញាសិប្បនិមិត្ត ChatGPT និង Microsoft Bing ជាដើម។ យ៉ាងណាមិញ AI ទាំងអស់នោះគឺប្រើប្រាស់បានតែភាសាអង់គ្លេស និងភាសាមួយចំនួនទៀតប៉ុណ្ណោះ ប៉ុន្តែមិនអាចប្រើជាភាសាខ្មែរបានឡើយ។
ឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេសកម្ពុជាផ្ទាល់ និស្សិតខ្មែរយើងម្នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ មកពីសាលាវិទ្យាភូមិន្ទភ្នំពេញ គឺលោកវ៉ា ធារ៉ា បានប្រើប្រាស់ API ពីក្រុមហ៊ុន Open AI បង្កើតជា KhmerGPT ដំណើរការដោយប្រើភាសាខ្មែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារចាបខៀវ លោកធារ៉ា បានឲ្យដឹងថាដំបូងឡើយលោកព្យាយាមនបង្កើត KhmerGPT នេះគឺនៅក្នុងគោលបំណងប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលប្រជាជនខ្មែរ ចាប់ផ្ដើមផ្អើលមកប្រើ ChatGPT របស់ក្រុមហ៊ុន Open AI លោកក៏សម្រេចដាក់ឲ្យប្រើប្រាស់ Khmer GPT ដែលដំណើរការដោយខេមរភាសានេះ។ ការដាក់ឲ្យប្រើដំបូង គឺមានបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រើច្រើនរហូតដល់មានភាពយឺតយ៉ាវ ប៉ុន្តែមកទល់ពេលនេះគឺលោកបានកែតម្រូវបានយ៉ាងរលូន។
លោកធារ៉ាបានបញ្ជាក់ថា “នៅក្នុង KhmerGPT គឺមានចំណុចពិសេសច្រើន ពោលគឺវាអាចបកប្រែភាសាខ្មែរបានល្អ និងអាចទទួលយកបាន។ មួយវិញទៀត សម្រាប់របៀបក្នុងការចូលទៅប្រើប្រាស់គឺមានភាពងាយស្រួល មិនស៊ាំញ៉ាំ ដោយវាទាមទាតែការចុះឈ្មោះឲ្យបានត្រឹមត្រូវ គឺអាចប្រើបាន ដោយមិនតម្រូវឲ្យប្រើ VPN ឬអ្វីច្រើនទេ។
លោកបានសង្កត់ធ្ងន់ថា ឥឡូវនេះ KhmerGPT ដែលលោកបានដាក់ឲ្យប្រើនេះគឺយកចេញពី ChatGPT-3 ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុន Open AI បានដំឡើងដល់ GPT-4 ទៅហើយ ដូច្នេះលោកនឹងព្យាយាមធ្វើយ៉ាងណា ដើម្បីតាមឲ្យទាន់បច្ចេកវិទ្យាថ្មីៗរបស់ GPT-4 នេះ ដើម្បីដាក់ឲ្យប្រជាជនខ្មែរប្រើប្រាស់បានផងដែរ។"
គូសបញ្ជាក់ថា KhmerGPT ត្រូវបានដាក់ឲ្យប្រើប្រាស់បានដោយសេរី។ សម្រាប់បងប្អូនដែលចង់ប្រើអាចចូលទៅចុះឈ្មោះប្រើតាមរយៈតំណភ្ជាប់នេះ 👉 https://khmer-gpt.vercel.app/ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ឆានែលតេឡេក្រាមរបស់ KhmerGPT បាន៕
អត្ថបទដោយ៖ ផែន ផាន់ណា