ដោយមើលឃើញពីភាពរីកចម្រើន នៃវិស័យបោកអ៊ុតសម្លៀកបំពាក់តាមអនឡាញ នៅប្រទេសជិតខាង យុវជនខ្មែរមួយក្រុម បានសិក្សា និងសហការគ្នាធ្វើ App មួយ ដើម្បីផ្ដល់សេវាកម្មបោកអ៊ុតសម្លៀកបំពាក់ តាមអនឡាញ ដោយភ្ជាប់ជាមួយសេវាកម្មដឹកជញ្ជូនទាំងទៅទាំងមក និងមិនគិតថ្លៃសេវាដឹកឡើយ។ App ដែលពួកគេទាំងបីនាក់ បានបង្កើតឡើងនោះមានឈ្មោះថា Kenoir App (កិន្នរ) ដោយអ្នកប្រើ អាចចូលទៅហៅបុគ្គលិកផ្នែកដឹកជញ្ជូនខោអាវ ឱ្យមកយកដល់មុខផ្ទះរបស់ខ្លួនបាន ពោលគឺសូម្បីតែខោអាវមួយកំផ្លេ ក៏ពួកគេអាចមកដឹកយកទៅបោកអ៊ុតជូនឱ្យបានដែរ។
នៅក្នុងជំនួបរវាងក្រុមការងារ Technology Cambodia ជាមួយក្រុមការងារ Kenoir App ដែលមាន លោក ធី លីនីន, លោកចាន់នី ឧត្តម, និងលោកកែ សុខលាង បានប្រាប់យើងឱ្យដឹងថា “ថ្មីៗនេះ Kenoir App ទើបតែចាប់ផ្ដើមដាក់ឱ្យដំណើរការនូវសេវាកម្មបោកអ៊ុតខោអាវតាមប្រព័ន្ធអនឡាញ ដែលអ្នកប្រើប្រាស់ អាចចូលទៅហៅ បុគ្គលិកដឹកជញ្ជូនរបស់យើង ទៅយកខោអាវរបស់ពួកគាត់ដល់ផ្ទះបាន ហើយពេលបោកអ៊ុតរួច យើងនឹងដឹកជញ្ជូនទៅឱ្យពួកគាត់វិញ ដោយមិនគិតថ្លៃសេវាឡើយ៕”
ថ្លែងនៅក្នុងទឹកមុខប្រកបដោយភាពជឿជាក់សហស្ថាបនិក Kenoir បានបន្តថា បច្ចុប្បន្ននេះ Kenoir App ចាប់ផ្ដើមមានអ្នកប្រើប្រាស់ច្រើនគួរសម ពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងនោះរួមមានភ្ញៀវ ដែលបោកសម្លៀកបំពាក់ទូទៅ និងមានកន្លែងធំៗជាច្រើនទៀតដូចជាខាងផ្ទះសំណាក់ ក្រុមហ៊ុន និង Factory Phnom Penh ក៏កំពុងប្រើសេវាកម្មរបស់ Kenoir យើងដែរ។ ចំណុចពិសេសនៅលើ App Kenoir ដែលយើងមាននោះគឺ Kenoir ផ្ដោតសំខាន់ទៅលើគុណភាពជាចម្បង ចំណែកអ្នកប្រើប្រាស់ក៏មិនចាំបាច់ស៊ាំញ៉ាំច្រើន ក្នុងការចូលទៅហៅអ្នកដឹកជញ្ជូនទេ ពោលគឺចូលទៅក្នុង App ហើយចុចតែ១ឃ្លីក គឺអាចហៅអ្នកដឹក ឱ្យទៅយកសម្លៀកបំពាក់ដល់ផ្ទះគាត់បាន ទោះចំនួនតិចក៏យក ច្រើនក៏យក។
បើនិយាយពីតម្លៃវិញ ថ្វីត្បិតថាយើងមានសេវាកម្មទៅយកដល់ផ្ទះពិតមែន ប៉ុន្មែរ Kenoir មិនបានគិតថ្លៃសេវា ហើយក៏មិនបានបន្ថែមតម្លៃលើដំណើរការបោកអ៊ុតដែរ ពោលគឺលោកអ្នកនឹងទទួលបានតម្លៃទីផ្សារទូទៅ ប៉ុន្តែពិសេសត្រង់ថា លោកអ្នកមិនបាច់យកខោអាវទៅដល់កន្លែងបោកអ៊ុតដូចមុនក៏បាន។ នៅលើ App Kenoir ភ្លៀវអាចចូលមើលតម្លៃបោកអ៊ុត មុននឹងហៅបុគ្គលិកយើងទៅដឹកបាន។
អមជាមួយសេវាកម្មថ្មីនេះ អ្នកប្រើប្រាស់ Kenoir App មិនចាំបាច់ព្រួយបារម្ភច្រើន ដូចជាការខ្លាចបាត់បង់សម្លៀកបំពាក់ ឬខ្លាចមានការបន្លំផ្សេងៗឡើយ ពោលគឺនៅលើ App បានភ្ជាប់មកជាមួយនឹងមុខងារកត់ចំណាំចំនួន ឬលក្ខណៈសម្គាល់ខោអាវរបស់លោកអ្នកបានមួយចប់តែម្ដង។ បន្ថែមពីលើនេះ ប្រសិនបើពេលនេះ លោកអ្នកបោកអ៊ុតសម្លៀកបំពាក់ជាមួយ Kenoir គឺនឹងទទួលបានការបញ្ចុះតម្លៃ ក្រោមតម្លៃទីផ្សារផងដែរ។
គូសបញ្ជាក់ថា ហាងបោកអ៊ុតកិន្នរ គឺជាហាងដែលមានបទពិសោធន៍លោកបាកបោកអ៊ុតច្រើនឆ្នាំ ជាមួយនឹងម៉ាស៊ីបោកអ៊ុតខ្នាតធំ ដែលមានសមត្ថភាពខ្ពស់ បូករួមទាំងបុគ្គលិកមានជំនាញ និងសីលធម៌ល្អ បើទោះបីជាលោកអ្នកភ្លេចលុយ ឬរបស់របរផ្សេងៗជាប់ទៅនឹងសម្លៀកបំបាក់ ក៏ហាងកិន្នររក្សាទុកឱ្យម្នាស់ដើមវិញដែរ។ ដូច្នេះអ្នកប្រើសេវាកម្មតាមរយៈ App ថ្មីនេះ មិនបាច់មានការព្រួយបារម្ភច្រើនទេ គឺចាំតែយកសម្លៀកបំពាក់ខ្លួនទៅបានហើយ៕
ទាញយក App: Play Stor (Android) , App Store (IOS)
អត្ថបទដោយ៖ ផែន ផាន់ណា