ខ្សែភាពយន្តដែលបង្កប់ទៅដល់ឈុតឆាកពិសេសៗ ការស្រមើស្រមៃ វិទ្យាសាស្ត្រ និងការប្រើបច្ចេកវិទ្យាទំនើប ដោយមានការថត និងសំដែងពីតារាខ្មែរជាច្រើនដួង បានត្រៀមខ្លួនរួចជាស្រេចនៅតាមរោងភាពយន្តនានា ក្នុងប្រទេសកម្ពុជា ដូចជារោងភាពយន្ត Legend, Major. ជាដើម។
ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ស្អែកនេះ រឿងមួយដែលមានចង់ណងជើងថា “ជាតិក្រោយ” ឬ Karmalink នឹងត្រូវចាក់បញ្ចាំងនៅតាមរោងភាពយន្ត។ នេះបើយោងតាមការបង្ហាញនៅលើគេហទំព័ររបស់រោងកុនធំៗប្រចាំនៅកម្ពុជា។
រឿង “ជាតិក្រោយ” គឺជាស្នាដៃដឹកនាំរបស់លោក Jake Wachtel សញ្ជាតិអាមេរិក ដែលជារឿងបែបវិទ្យាសាស្ត្រដំបូងគេនៅស្រុកខ្មែរ ផលិតនៅខ្មែរ និយាយភាសាខ្មែរ រៀបរាប់ពីពេលវេលានៅថ្ងៃអនាគត និងការស្វែងរកកំណប់មាស បូករួមទាំងឈុតឆាកនិយាយពី អ្នកវិទ្យាសាស្ត្រដ៏ពូកែម្នាក់ ដែលចង់ប្រើកុំព្យូទ័រដើម្បីត្រាសដឹង ដោយសាច់រឿងនេះក៏មានជាប់ពាក់ព័ន្ធ ទៅនឹងព្រះពុទ្ធសាសនា និងវិទ្យាស្ត្រដែរ។ នេះបើតាមការថ្លែងរបស់លោក Jake Wachtel ក្នុងវីដេអូខ្លី ស្ដីពីរឿងជាតិក្រោយ លើគណនីហ្វេសប៊ុករបស់លោកផ្ទាល់។
លោក Jake Wachtel បានបញ្ជាក់ទាំងក្ដីស្រឡាញ់មកកាន់ប្រជាជនកម្ពុជាថា “ខ្ញុំបានធ្វើដំណើរមកកម្ពុជា ៨ឆ្នាំមុន ហើយខ្ញុំផលិតរឿងនេះ ព្រោះខ្ញុំស្រឡាញ់ស្រុកខ្មែរ ស្រឡាញ់វប្បធម៌ខ្មែរ ស្រឡាញ់សិល្ប:ខ្មែរ ស្រឡាញ់ភ្លេងខ្មែរ។
គូសបញ្ជាក់ថាលោកបានសហការជាមួយអ្នកផលិតខ្មែរដ៏ពូកែៗជាច្រើនរូប ហើយរឿងនេះធ្លាប់បានចាក់បញ្ចាំងរួចហើយនៅតាមរោងភាពយន្តបរទេស ប៉ុន្តែស្អែកនេះគឺនឹងត្រូវចាក់បញ្ចាំងនៅលើទឹកដីប្រទេសកម្ពុជាដែរ។ តោះត្រៀមខ្លួនរួចនៅ អ្នកចូលចិត្តមើលកុន???