ពូកែៗណាស់! រៀនត្រឹមថ្នាក់វិទ្យាល័យសោះ សិស្សនៅខេត្តកំពត សម្រេចគម្រោងច្នៃប្រឌិតធំៗ៣នេះ
ផែន ផាន់ណា
MAY 31 2023
នវានុវត្តន៍
1.9 K views
1 min read

បើយោងតាមចេញផ្សាយនៅលើទំព័រផេកផ្លូវការរបស់ គម្រោងពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តកំពត បានបង្ហាញអំពីការអបអរសាទរ ដល់សិស្សមកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តកំពត ដែលបានសម្រេចគម្រោងបែបច្នៃប្រឌិតល្អៗចំនួន៣ គឺគម្រោង ការកែច្នៃសាប៊ូពីប្រេងដែលប្រើប្រាស់រួច, គម្រោងកសិកម្មឆ្លាតវៃ (Smart Farm) និងគម្រោងឧបករណ៍ទូភ្ញាស់ពងសត្វ (ពងមាន់ ពងទា...)។

សម្រាប់គម្រោង ការកែច្នៃសាប៊ូពីប្រេងដែលប្រើប្រាស់រួច គឺផ្តោតសំខាន់លើ ការកែច្នៃកាកសំណល់ប្រេងឆាខូចគុណភាព ដែលសល់ពីការចៀនចេកចៀនរបស់អាជីវករ មកផលិតជាសាប៊ូប្រើប្រាស់ដែលមានគុណភាព អាចកម្ចាត់មេរោគ និងលាងសម្អាតភាពកខ្វក់បានល្អ ជាពិសេសមានក្លិនក្រអូបតែម្តង។ បញ្ជាក់៖ នេះគឺជាស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សក្លឹបសិក្សាស្ទែមដែលមកពី វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះរាជសម្ភារ។

349159525 272203711865871 6975504660262771342 N

ដោយឡែកគម្រោង កសិកម្មឆ្លាតវៃ (Smart Farm) គឺមានគោលដៅបង្កើតប្រព័ន្ធស្រោចដំណាំស្វ័យប្រវត្តិ ដែលអាចបញ្ជាតាមទូរស័ព្ទដៃ និងមានមុខងារក្នុងការកំណត់បរិមាណទឹកសម្រាប់ការស្រោចស្រពដោយស្វ័យប្រវត្តិបាន។ គម្រោងរបស់ប្អូនៗ ពិតជាមានសារៈប្រយោជន៍សម្រាប់កសិករ ក្នុងការចាត់ចែងបរិមាណទឹកប្រើប្រាស់ ជួយសន្សំសំចៃទឹក ចំណេញកម្លាំងពលកម្ម ចំណេញពេលវេលា និងថវិការផងដែរ។ បញ្ជាក់៖ នេះគឺជាស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សក្លឹបសិក្សាស្ទែមដែលមកពី វិទ្យាល័យហ៊ុនសែនឈូក។

350533196 229261893178733 5342317128601394616 N

សម្រាប់គម្រោងមួយទៀតគឺ ឧបករណ៍ទូភ្ញាស់ពងសត្វ (ពងមាន់ ពងទា...) គឺអាចគ្រប់គ្រងស៊ីតុណ្ហភាពសមស្រប និងជាកត្តាលីករជួយជម្រុញឱ្យការភ្ញាស់ពងបក្សីបានដោយមិនត្រូវការមេមកផ្តល់កម្តៅ ចំណេញពេលវេលា និងអាចបង្កើនចំណូលបានមួយកម្រិតផងដែរ។  បញ្ជាក់៖ នេះគឺជាស្នាដៃរបស់សិស្សានុសិស្សក្លឹបសិក្សាស្ទែមដែលមកពី វិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនកំពតក្រុង។

347662402 264833909371684 1019778675813267841 N

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team