តម្លៃពិតនៃ មេរោគជម្រិតទារប្រាក់អនឡាញ
ការវាយប្រហារដោយមេរោគជម្រិតទារប្រាក់អនឡាញបានក្លាយជាការគម្រាមកំហែងផ្នែកសន្តិសុខសាយប័រសកលយ៉ាងធ្ងន់ធ្ងរ ដោយសហគ្រាសជាច្រើនប្រឈមមុខនឹងការខូចខាតទាំងទ្រព្យសម្បត្តិ និង ការទទួលស្គាល់ម៉ាកយីហោ។
ការគម្រាមកំហែងនៃមេរោគជម្រិតទារប្រាក់អនឡាញ
មេរោគជម្រិតទារប្រាក់អនឡាញ (Ransomware) ត្រូវបានកំណត់តាមរយៈ ភាពលួចលាក់ ការបំផ្លិតបំផ្លាញ មុខងារធ្វើឱ្យលំបាកក្នុងការទាញយកទិន្នន័យមកវិញ និង ផលប៉ះពាល់ទៅលើប្រសិទ្ធភាពនៃការការពារ និង ឆ្លើយតបវិញរបស់សហគ្រាស។
ភាពលួចលាក់
សមត្ថភាពនៃមេរោគក្នុងការលាក់ខ្លួន និង រកមិនឃើញ បានអនុញ្ញាតឱ្យវាជ្រៀតជ្រែកចូលបានតាមរយៈ ឧបករណ៍ផ្ទុកទិន្នន័យ ក្បាច់ស្ទូចអ៊ីម៉ែល (Phishing Emails) វេបសាយ Trojan horses និង ចន្លោះប្រហោងសុវត្ថិភាព។ វាមិនវាយប្រហារ ឬជម្រិតយកថ្នូរភ្លាមៗនោះទេ រហូតទាល់តែវាគ្រប់គ្រងទិន្នន័យសំខាន់ និង មានប្រយោជន៍សិន។ ជាងនេះទៅទៀត ក្រុមហេកឃ័រប្រើប្រាស់រូបិយបណ្ណគ្រីបតូដូចជា Bitcoin ជាតំណរទូរទាត់ប្រាក់សុវត្ថិភាពដែលស្ទើរតែមិនអាចនឹងតាមដាន។
ការបំផ្លិតបំផ្លាញ
របាយការណ៍បង្ហាញថា ការវាយប្រហារដោយមេរោគជម្រិតទារប្រាក់អនឡាញបានធ្វើឱ្យពិភពលោកខាតបង់ក្នុងរង្វង់ទឹកប្រាក់រហូត ២០ពាន់លានដុល្លារនៅឆ្នាំ ២០២១ លើសឆ្នាំ ២០១៥ រហូតដល់ ៦១ដង ដែលកាលណោះទិន្នន័យខូចខាតមានត្រឹមតែ ៣២៥លានដុល្លារតែប៉ុណ្ណោះ។ មេរោគជម្រិតទារប្រាក់តាមអនឡាញមិនត្រឹមតែធ្វើឱ្យបាត់បង់ប្រាក់តាមរយៈការជម្រិតថ្នូរនោះទេ ប៉ុន្តែក៏មានផលប៉ះពាល់អវិជ្ជមានលើសពីនេះផងដែរ ក្នុងអំឡុងពេលរងការវាយប្រហារ ដូចជាទៅលើរូបភាពយីហោ និង ការចំណាយលើកម្លាំងពលកម្មលើសមុន។
ឧបសគ្គក្នុងការវិលមកដូចដើមវិញ
មេរោគជម្រិតទារប្រាក់អនឡាញអាចធ្វើការចាក់សោរ ឬ លុបចោលនូវទិន្នន័យទាំងនៅក្នុងមជ្ឈមណ្ឌលផ្ទុកទិន្នន័យកណ្ដាល និង មជ្ឍមណ្ឌលផ្ទុកទីន្នន័យពេលមានគ្រោះអាសន្ន ដែលប៉ះពាល់ទៅដល់ការប្រឹងប្រែងទាញទិន្នន័យត្រឡប់មកវិញ និង បណ្ដាលឱ្យមានការបែកធ្លាយទិន្នន័យ។ របាយការណ៍កន្លងទៅបង្ហាញថា គេត្រូវចំណាយពេលរហូតដល់ទៅ ១៦ ថ្ងៃក្នុងការទាញទិន្នន័យត្រឡប់វិលមកដូចដើមវិញ ជាមួយនឹងតម្លៃនៃការទាញយកមកវិញរហូតដល់ ១.៨៥លានដុល្លារនៅឆ្នាំ ២០២១ កើនឡើងពី ៧៦១ ០០០ ដុល្លារ កាលពីឆ្នាំ ២០២០។
ការវាយប្រហារធំៗដោយមេរោគជម្រិតទារប្រាក់អនឡាញនាពេលថ្មីៗនេះ
ក្រុមហ៊ុនប្រឹក្សាយោបល់ Cybersecurity Ventures បានធ្វើការព្យាករណ៍ថាត្រឹមឆ្នាំ ២០៣១ ស្ថាប័នមួយនឹងត្រូវរងគ្រោះដោយការវាយប្រហារដោយមេរោគជម្រិតទារប្រាក់តាមអនឡាញក្នុងអំឡុងពេល ២វិនាទីម្ដង ដែលជាកំណើនមួយមិនធម្មតាកើនពី មធ្យមភាគ១១វិនាទីនៅឆ្នាំ ២០២១។ ខាងក្រោមនេះយើងអាចមើលករណីវាយប្រហារដោយមេរោគជម្រិតទារប្រាក់អនឡាញ ៣ ធំៗធ្វើឱ្យអង្រួនស្ថាប័នជាច្រើននៅជុំវិញពិភពលោក។
ការវាយប្រហារជម្រិតថ្នូរថ្លៃបំផុតមកទល់ពេលនេះ៖ ក្រុមហ៊ុនធានារាប់រងយក្សរបស់អាមេរិកបង់លុយ ៤០លានដុល្លារជាថ្នូរ
កាលពីខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុន CNA Financial ជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅសហរដ្ឋអាមេរិក បានក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់មេរោគជម្រិតទារប្រាក់តាមអនឡាញពីក្រុមឈ្មោះថា Phoenix Group ដោយបានចាក់សោរឧបករណ៍ច្រើនជាង ១៥ ០០០ គ្រឿង និង ធ្វើឱ្យប្រព័ន្ធរបស់ CNA មិនដំណើរការរយៈពេល ៣ថ្ងៃ។ ដើម្បីការពារភាពសម្ងាត់របស់អតិថិជនកុំឱ្យបែកធ្លាយ ក្រុមហ៊ុន CNA បានបង់លុយថ្នូរ ៤០លានដុល្លារ ដើម្បីយកទិន្នន័យមកវិញ ជាថ្លៃថ្នូរថ្លៃបំផុតមួយត្រូវបានបង់ ក្នុងព្រឹត្តិការណ៍វាយប្រហារម្ដង។
ផលប៉ះពាល់សាយភាយ៖ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំបំផុតរបស់អាមេរិកបិទសង្វាក់ផ្គត់ផ្គង់ឥន្ធនៈនៅ អាមេរិកខាងកើត
កាលពីខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន Colonial Pipeline ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងធំបំផុតមួយនៅសហរដ្ឋអាមេរិកបានបង្ខំចិត្តបិទប្រព័ន្ធដឹកជញ្ជូនប្រេងរបស់ខ្លួននៅអាមេរិកខាងកើតក្រោយរងការវាយប្រហារដោយមេរោគជម្រិតទារប្រាក់អនឡាញពីក្រុម DarkSide Cybercriminal Hacking Group។ ក្រុមហ៊ុន Colonial Pipeline ប្រតិបត្តិការទៅលើបំពង់បង្ហូរប្រេងនិងឧស្ម័នចម្រាញ់រួច ដោយបានផ្គត់ផ្គង់ប្រមាណជា ៤៥%នៃឥន្ធនៈទៅភាគខាងកើតនៃសហរដ្ឋអាមេរិក។ ផលប៉ះពាល់នៃការវាយប្រហារនេះបានធ្វើឱ្យក្រុមហ៊ុន ផ្អាកប្រតិបត្តិការសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ធ្វើឱ្យរដ្ឋប្រមាណ ១៧ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីផងនោះ ដាក់រដ្ឋក្នុងភាពអាសន្ន។ ក្រុមហ៊ុនបានបង្ខំចិត្តបង់ថ្នូរក្នុងទម្រង់ជា Bitcoin គិតជាទឹកប្រាក់ប្រហាក់ប្រហែលទៅ ៤.៤លានដុល្លារ ដើម្បីដោះដូរនឹងឯកសារត្រូវបានលួចយកទៅ និង ចំណាយពេលរហូតដល់ទៅ ១១ថ្ងៃដើម្បីធ្វើប្រតិបត្តិការពេញលេញមកវិញ។ ព្រឹត្តិការណ៍នោះបានធ្វើឱ្យ ៨៧%នៃហ្គារ៉ាសប្រេងសាំងដាច់ស្តុក នៅទីក្រុងវ៉ាស៊ីនតោន រីឯតម្លៃសាំងវិញកើនឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងរយៈកាល៧ឆ្នាំចុងក្រោយ បង្កឱ្យមានការស្លោស្លន់ទិញប្រេងសាំងទុក។ នៅថ្ងៃ ៨ ខែមិថុនា សភាCongressអាមេរិកបានបើកកិច្ចប្រជុំទៅលើករណីជម្រិតថ្នូរនេះនឹងបានប្រកាសផ្ដល់ថ្នូររហូតដល់ ១០លានដុល្លារសម្រាប់ការចាប់បាននូវសមាជិកសំខាន់នៃអង្គភាពឧក្រិដ្ឋជនខាងលើនោះ។
ការប៉ុនប៉ងជម្រិតលើរដ្ឋាភិបាល៖ Costa Rica ប្រកាសអាសន្នជាតិ
ករណីជម្រិតទារប្រាក់ដ៏ល្បីល្បាញបំផុតមួយកើតឡើងឆ្នាំ ២០២២ ពេលវីរុសមួយឈ្មោះថា Conti បានធ្វើឱ្យក្រសួងសេដ្ឋកិច្ចរបស់ Costa Rica សឹងលែងដំណើរការ។ កាលណោះ ក្រុមហេកឃ័រលួចយកទិន្នន័យរបស់រដ្ឋាភិបាលក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់កាលពីខែមេសាឆ្នាំ២០២២ ធ្វើឱ្យសេវាកម្មសំខាន់ៗគាំង (ពាណិជ្ជកម្មអន្តរជាតិ ពន្ធដារ និង គយ) និង បានធ្វើឱ្យរដ្ឋាភិបាលស្ថិតក្នុងសភាពចលាចល។ បើទោះបីជាប្រធានាធិបតី Costa Rica ដាក់ប្រទេសក្នុងភាពអាសន្នឆ្លើយតបទៅនឹងការវាយប្រហារនេះ រលកទីពីរនៃការវាយប្រហារពីសំណាក់មេរោគចាប់ជម្រិតអនឡាញនេះបានកើតឡើងនៅថ្ងៃទី ៣១ ខែឧសភាម្ដងទៀត ធ្វើឱ្យប្រព័ន្ធរដ្ឋាភិបាលជាតិលែងដំណើរការ ដោយសេវាកម្មចាំបាច់សម្រាប់ពលរដ្ឋមួយចំនួនលែងដើរ ការណាត់ជួប ការព្យាបាល និង ការវះកាត់រាប់មិនអស់ត្រូវបានរំសាយចោលទូរទាំងប្រទេស៕