ក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍លើការបណ្ដុះបណ្ដាលជំនាញឌីជីថល ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ នៅក្នុងប្រទេសកម្ពុជាដោយកន្លងមកនេះ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយចំនួន លើការងារបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យឌីជីថលផងដែរ។ ចំណាប់អារម្មណ៍នេះដែរ គឺត្រូវបានលើកមកពិភាក្សាក្នុងជំនួបរវាងសម្ដេចហ៊ុន ម៉ាណែត ជាមួយនឹងលោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះដែរសម្ដេចហ៊ុន ម៉ាណែត ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង២ទសវត្សរ៍មកហើយ សម្ដេចអធិបតី សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។ សម្ដេចអធិបតី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនទំនុកចិត្តដល់វិនិយោគិននៅកម្ពុជា។
បន្ថែមពីលើនេះដែរ សម្ដេចហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម៕