ក្រុមហ៊ុន Huawei ដែលគេស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេលើការផ្គត់ផ្គង់បរិក្ខាហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ រួមទាំងឧបករណ៍ឆ្លាតវៃផងនោះ បានទទួលពានរង្វាន់ពីរផ្ទួនៗក្នុងកម្មវិធីពានរង្វាន់ HR Asia Award 2023 ដែលប្រព្រឹត្តឡើងនៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ក្នុងចំណោមក្រុមហ៊ុនទាំង ៨៤ ដែលត្រូវបានឧទ្ទេសនាមសម្រាប់ពានរង្វាន់នេះ ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ទទួលបាននូវពិន្ទុដ៏លេចធ្លោនៅក្នុងរបាយការណ៍ស្ទង់មតិវាយតម្លៃតាមរិធាន TEAM (Total Engagement Assessment Model) ដោយធ្វើឡើងចំពោះបុគ្គលិក ១១ ៩២១នាក់ នៅទូរទាំងអាស៊ីមកពីបណ្ដាក្រុមហ៊ុនទាំងនោះ ហើយជាលទ្ធផលដូចបានបញ្ជាក់ខាងលើ ក្រុមហ៊ុននេះទទួលបានពានរង្វាន់ពី HR Asia Award ចំនួនពីរគឺ ពានរង្វាន់ក្រុមហ៊ុនដ៏ល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី (the Best Companies To Work For in Asia) និង ពានរង្វាន់ក្រុមហ៊ុនដែលខ្វាយខ្វល់ពីបុគ្គលិកបំផុត (the Most Caring Companies Award)។
ពានរង្វាន់ពី HR Asia នេះជាទល្ហីករណ៍សបញ្ជាក់ពី ឧត្តមភាពរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាក្នុងការជម្រុញពន្លឿនបទពិសោធន៍នៃការធ្វើការដល់បុគ្គលិកឱ្យបានកាន់តែប្រសើរ។
អ្នកឈ្នះពានរង្វាន់កន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការនៅអាស៊ីពី HR Asia បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញចិត្តបុគ្គលិកឱ្យមានសេចក្ដីរីករាយ សោមនស្សក្នុងការធ្វើការ ជាមួយនឹងសុខមាលភាព ព្រមទាំងការអភិវឌ្ឍរបស់បុគ្គលិកគ្រប់រូប។ ស្ថាប័នទាំងនោះបានកំណត់គម្រូសម្រាប់ក្រុមហ៊ុនដទៃឱ្យមើលឃើញតាមរយៈការបណ្ដុះបរិយាកាសធ្វើការវិជ្ជមាន ឱ្យតម្លៃទៅលើការរីកចម្រើន និង ឧត្តមភាព។
សម្រាប់ពានរង្វាន់ ក្រុមហ៊ុនខ្វាយខ្វល់ពីបុគ្គលិកបំផុតរបស់ HR Asia វិញបានទទួលស្គាល់ចំពោះស្ថាប័នណាដែលបានបង្ហាញពីការបារម្ភយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិករបស់ពួកគេជាពិសេសក្នុងអំឡុងពេលពិបាក ហើយជាទីមោទនភាព ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានពានរង្វាន់ ក្រុមហ៊ុនដែលខ្វាយខ្វល់ពីបុគ្គលិកបំផុត (the Most Caring Companies Awards) នៅឆ្នាំនេះ។
អ្នកស្រី Tian Xiaorui នាយកផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុន Huawei ច្រើនប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ “ការឈ្នះពានរង្វាន់ទាំងពីរ ជាក្រុមហ៊ុនដ៏ល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី និង ក្រុមហ៊ុនខ្វាយខ្វល់ពីបុគ្គលិកបំផុតនេះ ឆ្លុះបញ្ចាំងពីការបន្តកិច្ចខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តនិងទស្សនវិស័យរបស់ក្រុមហ៊ុន Huawei។ ក្រុមមួយប្រកបដោយថាមពល ដើរតួរយ៉ាងសំខាន់ក្នុងចីរភាពរបស់ក្រុមហ៊ុន។ ពានរង្វាន់ទាំងនេះនឹងជម្រុញយើងឱ្យបន្តយុទ្ធសាស្ត្រធនធានមនុស្សរបហស់យើង បង្កើតគុណតម្លៃបន្ថែមទៀតសម្រាប់អតិថិជន និង ការចូលរួមឧបត្ថម្ភគាំទ្រចំពោះការធ្វើបរិវត្តកម្មឌីជីថល។”
ក្នុងឱកាសជាគណអធិបតី និង ជាសក្ខីភាពនៃការសម្រេចបានរបស់ក្រុមហ៊ុន Huawei ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា “ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីៈ ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍទេពកោសល្យក្នុងស្រុក រួមបញ្ចូលទាំងទេពកោសល្យបច្ចេកទេស និង បច្ចេកវិទ្យាកម្រិតខ្ពស់ Hi-Tech។ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានចូលរួមចំណែកឧបត្ថម្ភគាំទ្រក្នុងការអភិវឌ្ឍទេពកោសល្យ ICT នៅក្នុងប្រទេស និង បង្កើតឱកាសការងារជាច្រើន។ សព្វថ្ងៃយើងមានក្រុមហ៊ុនកម្ពុជាតិចតួចដែលទទួលបានពានរង្វាន់នេះ។ នេះជាការទទួលស្គាល់ចំពោះបុគ្គលិក និង សង្គមកម្ពុជា។ ក្រសួងការងារ នឹងបន្តធ្វើការជាមួយសហគ្រាសដ៏ប្រសើរទាំងនេះដូចជា Huawei ជាដើម ដើម្បីបណ្ដុះធនធានមនុស្សបន្ថែមទៀត ដែលធនធានមនុស្សនេះជាទ្រព្យមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា”។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចូលទីផ្សារកម្ពុជានៅឆ្នាំ ១៩៩៩ និង បានប្ដេជ្ញាចិត្តក្នុងការផ្គត់ផ្គង់នូវបច្ចេកវិទ្យាចុងក្រោយបំផុត និង សេវាកម្មប្រកបដោយគុណភាពមកកាន់វិស័យសាធារណ វិស័យឧស្សាហកម្ម និង ស្ថាប័នផ្សេងៗ ជាមួយនឹងការប្រកាន់ភ្ជាប់នូវគោលការណ៍ “នៅកម្ពុជា ដើម្បីកម្ពុជា”។ Huawei បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការឧបត្ថម្ភគាំទ្រដល់សហគមន៍ត្រឡប់ទៅវិញ ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនមួយនេះ។
ជាមួយនឹងអតិថិជន និង ដៃគូរសហការរបស់ខ្លួន ក្រុមហ៊ុន Huawei បានបង្កើតការងារច្រើនជាង ៣ពាន់កន្លែង ហើយ បានដំណើរការនូវកម្មវិធីបណ្ដុះទេពកោសល្យ ICT របស់ខ្លួនយ៉ាងទៀងទាត់ជារៀងរាល់ឆ្នាំ ក្រោមឈ្មោះកម្មវិធី Seed for the Future និង ICT Competition ដើម្បីអភិវឌ្ឍទេពកោសល្យ ICT ក្នុងស្រុក៕