ធ្លាប់តែឮគេថាបច្ចេកវិទ្យា AI អាចនឹងមកដណ្តើមការងាររបស់មនុស្សនាពេលអនាគត ជាក់ស្តែងបច្ចុប្បន្ននេះយើងសង្កេតឃើញថាមានបច្ចេកវិទ្យា AI មួយដែលកំពុងល្បីនិងផ្ទុះការប្រើប្រាស់ពាសពេញពិភពលោកគឺ ChatGPT ដោយវាមានសមត្ថភាពក្នុងការជួយទៅដល់ការងារប្រចាំថ្ងៃរបស់យើងបានច្រើន ហើយថ្មីៗនេះស្ថាប័នរដ្ឋ(គ.វ.ឌ)ស្រុកខ្មែរយើង ក៏បានបង្ហើបថា ChatGPT អាចប្រើប្រាស់ជាមួយនឹងភាសាខ្មែរបាននៅពេលអនាគត។
តើអ្វីជា ChatGPT?
មុននឹងយើងចូលទៅមើលពីរបៀបបង្កើត ខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅដឹងពីសាវតារបស់ ChatGPT បន្តិចសិន ដោយវាគឺជាប្រភេទ Chatbot មួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន OpenAI និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។ ហើយចំពោះ ChatGPT នេះដំបូងឡើយត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk និងលោក Sam Altman តាំងពីឆ្នាំ២០១៥មកម្លេះដោយដំបូងឡើយវាគ្រាន់តែជាប្រភេទ AI Tool ម្យ៉ាងដែលសម្រាប់ បង្កើតរូបភាពចេញពីអក្សរតែប៉ុណ្ណោះ ដែលគេឲ្យឈ្មោះថា DALL-E។
ដូច្នេះជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធ AI ដើម្បីហ្វឹកហាត់ឲ្យវាស្គាល់ទៅលើទិន្នន័យផ្សេងៗ យើងឃើញថា ChatGPT គឺមានសមត្ថភាពក្នុងការឆ្លើយសំណួរផ្សេងៗសឹងតែគ្រប់តម្រូវការរបស់យើងទៅហើយឲ្យតែយើងចង់ដឹងពីអ្វីមួយ។
តើស្រុកខ្មែរយើងអាចប្រើបានជាផ្លូវការហើយឬនៅ?
ចំពោះ ChatGPT បច្ចុប្បន្ននេះគឺមាន២ប្រភេទ ពោលគឺ ChatGPT ដែលយើងត្រូវបង់លុយដើម្បីប្រើប្រាស់និង ChatGPT ឥតគិតថ្លៃ ហើយចំពោះការគិតលុយគឺអ្នកប្រើប្រាស់អាចទទួលបានជាមួយនឹងការឆ្លើយតបលឿនភ្លាម ហើយបើទោះបីជាមានការសម្រុកប្រើច្រើនក៏យើងនៅតែអាចប្រើបានធម្មតាមិនមានការគាំងទេ។
ដោយឡែកសម្រាប់ស្រុកខ្មែរយើងគឺមិនមានការដាក់ឲ្យប្រើប្រាស់ ChatGPT នេះជាផ្លូវការទេ ប៉ុន្តែយើងនៅតែអាចចូលទៅប្រើបានដដែលជាមួយនឹងវិធីសាស្រ្តមួយចំនួនដែលខ្ញុំនឹងបង្ហាញនៅខាងក្រោម។
បៀបចុះឈ្មោះប្រើប្រាស់ ChatGPT នៅលើស្មាតហ្វូន
សម្រាប់ការប្រើប្រាស់ ChatGPT នៅលើស្មាតហ្វូនគឺវាអាចជួយការងារយើងបានច្រើនព្រោះ វានៅជាប់ជាមួយនឹងយើងជាប្រចាំហើយយើងចង់សួរវាពេលណាក៏បាន ប៉ុន្តែសម្រាប់អ្នកដែលចង់បង្កើតតាមកុំព្យូទ័រគឺអាចចូលទៅមើលតាមតំណលីងនេះបាន ChatGPT PC ។
ចំពោះការចុះឈ្មោះបង្កើតនៅលើស្មាតហ្វូន អ្វីដែលអ្នកត្រូវការនោះគឺ៖
- អ៊ីមែល១
- ត្រូវមាន VPN
- ត្រូវមានលេខអាមេរិច១
សម្រាប់ការប្រើប្រាស់អ្នកទាំងអស់គ្នាអាចជ្រើសរើស Browser ណាមួយដើម្បីចូលទៅបង្កើតក៏បានដែរប៉ុន្តែខ្ញុំសូមរើសយក Google Chrome ដើម្បីប្រើប្រាស់។
ដំណាក់កាលទី១ ទាញយក VPN
- ចូលទៅកាន់ App Store ឬ Play Store ដើម្បីទាញ VPN មួយឈ្មោះថា Proton VPN
- បន្ទាប់មកធ្វើការបង្កើតគណនីជាមួយវា ដោយបំពេញជាមួយនឹង Username, បង្កើតលេខកូដនិងដាក់អ៊ីមែលចូលជាការស្រេច ហើយអ្នកអាចបើក VPN ឲ្យហើយក៏បានឬចាំពេលចុះឈ្មោះចាំភ្ជាប់ក៏បានដែរ ហើយដើម្បីបើក VPN បានអ្នកគ្រាន់តែចុចលើប្រទេសណាមួយរួចធ្វើតាមការណែនាំជាការ។
ដំណាក់កាលទី២ ទិញលេខបរទេស
- ដើម្បីទិញបានអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់វេបសាយមួយឈ្មោះ SMS Pool
- បន្ទាប់មកចុចលើពាក្យ Register រួចធ្វើការបំពេញឈ្មោះក៏ដូចជាលេខកូដ ហើយសម្រាប់អ៊ីមែលចង់ដាក់ក៏បាន មិនបាច់ដាក់ក៏បាន។
- រួចចុចគ្រីសលើពាក្យ “Accept”, ចុចគ្រីសលើពាក្យ “Verify you are human” ហើយចុចលើពាក្យ Register ជាការស្រេច
- បន្ទាប់ពីចុះឈ្មោះបានហើយយើងត្រូវចុចលើសញ្ញាត្រេបីនៅខាងលើផ្នែកខាងស្តាំរួចចុចលើពាក្យ Deposit ដើម្បីបញ្ចូលលុយទិញលេខដូចបានបង្ហាញក្នុងរូបខាងក្រោមដោយក្នុងនោះវាឲ្យដាក់ចាប់ពី $3 ឡើងទៅ
- ពេលដាក់លុយរួចយើងចុចទៅលើពាក្យ Order ហើយត្រង់កន្លែង Service រើសយក OpenAI/ChatGPT បន្ទាប់មកចុចលើពាក្យ Quick Purchase ជាការស្រេច
ដំណាក់កាលទី៣ បង្កើតគណនី ChatGPT
ដូច្នេះឥឡូវនេះយើងមាន VPN និងមានលេខអាមេរិចមួយហើយអ៊ីចឹងយើងចាប់ផ្តើមចូលទៅបង្កើតគណនី ChatGPT តែម្តង។
- បើក VPN ដោយភ្ជាប់ទៅប្រទេសអាមេរិច
- ចូលទៅកាន់វេបសាយ OpenAI ChatGPT ចុចលើពាក្យ Try ChatGPT
- ចុចលើពាក្យ Sign Up រួចធ្វើការបញ្ចូលអ៊ីមែលរបស់អ្នកចូល ហើយបង្កើតលេខកូដ
- បន្ទាប់មកវានឹងឲ្យអ្នក Verified Email ហើយបន្ទាប់ពី Verified យើងអាចធ្វើការដាក់ឈ្មោះរបស់យើងបាន
- ចុងក្រោយវានឹងឲ្យអ្នកបំពេញ លេខទូរស័ព្ទ ដូច្នេះយើងអាចយកលេខដែលបានទិញនៅក្នុង SMS Pool មកដាក់បានហើយចុចលើពាក្យ Send Code ហើយសម្រាប់លេខកូដនោះក៏វាផ្ញើចូលក្នុង SMS Pool ដូចគ្នា ដូច្នេះយើងអាចយកមកបំពេញបាន បន្ទាប់ពីបំពេញហើយអ្នកអាចប្រើ ChatGPT បានហើយ។
សរុបមកចំពោះដំណើរការនៃការបង្កើត ChatGPT គឺមានតែប៉ុណ្ណឹងទេ ពោលគឺត្រូវមាន VPN, លេខអាមេរិច គឺអាចបង្កើតបានហើយ តែសម្រាប់ខ្ញុំផ្ទាល់សង្ឃឹមថាវានឹងដំណើរការលើក្នុងស្រុកខ្មែរឆាប់ៗ រួមជាមួយនឹងការដាក់ឲ្យប្រើប្រាស់បានសម្រាប់ភាសាខ្មែរផងដែរ។
ម្យ៉ាងទៀតប្រសិនអ្នកទាំងអស់គ្នាមិនទាន់ច្បាស់ទេ អ្នកទាំងអស់គ្នាអាចរង់ចាំតាមដានពីរបៀបចុះឈ្មោះបង្កើត ChatGPT នៅលើស្មាតហ្វូននេះតាមរយៈវីដេអូផងដែរ ដែលនឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ៖ រិន មករា