កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសត្រៀមបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនរយ:ពេល ១ខែ ដោយរាប់ចាប់ពីថ្ងៃទី១ ដល់៣១ ខែតុលាឆ្នាំ ២០២២ ខាងមុខនេះ ។ ដោយហេតុថា ប្រទេសកម្ពុជាទើបតែមានផ្លូវល្បឿនលឿនជាលើដំបូង ប្រជាជនមួយចំនួនធំមិនទាន់បានយល់ច្បាស់អំពីរបៀបបើកបរ និងស្លាកចរាចរផ្សេងៗដែលមាននៅលើផ្លូវនេះ ដូច្នេះក្រសួងបានចេញសេចក្តីណែនាំអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នេះមក។
នៅក្នុងសេចក្តីណែនាំនេះផងដែរ ក្រសួងបានចង្អុលបង្ហាញ ៥ចំណុចដើម្បីត្រៀមខ្លួនមុនពេលបើកបរនៅលើផ្លូវល្បឿនលឿន ក្នុងនោះរួមមាន៖
១. សំបកកងៈ កុំឱ្យមានស្នាមប្រេះ ប៉ោង និងមានក្រឡាល្អ ហើយពិនិត្យសម្ពាធខ្យល់ក្នុងកង់ឱ្យបានត្រឹមត្រូវ គឺកុំឱ្យតឹង ឬធូរពេក។
២.ភ្លើងៈ ភ្លើងសញ្ញាប្ដូរទិស ភ្លើងហ្វាង និងភ្លើងហ្វា-កួត ត្រូវដំណើរការល្អ
៣.ទឹក ប្រេងម៉ាស៊ីន ត្រូវមានបរិមាណគ្រប់គ្រាន់តាមកម្រិត
៤.ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គិភ័យៈ ត្រូវមានទាំងពីរ សម្រាប់រថយន្តធុនធ្ងន់ ចំណែករថយន្តធុនស្រាលត្រូវមានចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ
៥. ខ្សែក្រវាត់សុវត្ថិភាពៈ ត្រូវពាក់ខែ្សក្រវ៉ាត់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទដោយ៖ ព្រឹម ភក្តី