រងចាំអស់រយ:ពេលយូរហើយមែនទេ ឥឡូវនេះ Honda Click 160 ឆ្នាំ ២០២២ ប្រភេទអូតូ បានរត់មកស្រុកខ្មែរហើយ តែរូបរាងរបស់វា មិនដូចដែលបងប្អូនគិតថា ដូច Honda Click 125 ឬ Click 150 ឆ្នាំ ២០២១ នោះទេ ពោលគឺវាកម្លាំង 156.9 cc ដូច្នេះចំពោះរូបរាងគេបានកែប្រែសឹងតែទាំងស្រុង ។
ដូចដែលបងប្អូនបានឃើញនូវរូបរាងជ្រុងៗ របស់ Click 160 នេះ ត្រូវបានគេឌីហ្សាញជាលក្ខណ:បែបស្ព័រ (Sport ) ដើម្បីឲ្យអ្នកជិះម៉ូតូនេះមានអារម្មណ៍ថាប្លែក និងអារម្មណ៍រំភើបជាមួយល្បឿនស្ទុះខ្លាំងជាងមុនផងដែរ ។ ត្រង់កន្លែងតាប់ឡូ ត្រូវបានឌីហ្សាញប្លែកពីស៊េរីមុនៗ ដោយបានលេងស្ទីលឆ្នូតៗ ត្រង់កែមខាងអេក្រង់ឌីជីថល បរិវេនជុំវិញតាប់ឡូក៏មានសភាពគ្រើមជាងមុនផងដែរ ។
មិនតែប៉ុណ្ណោះ គេក៏បានបន្ថែមនូវហ្វ្រាំងឌីសទៅលើកង់ក្រោយ និងកង់ខាងមុខត្រូវបានគេបានបន្ថែមនូវបច្ចេកវិទ្យាABS លើហ្វ្រាំងឌីសមួយជាន់ទៀត ដើម្បីការពារនៅពេលចាប់ហ្វ្រាំងភ្លាម ប្រព័ន្ធនេះជួយទប់លំនឹងម៉ូតូមិនឲ្យដួល ដូចទៅប្រភេទម៉ូតូដែលគ្មាន ABS នោះទេ នោះនិយាយបើមានហ្វ្រាំង ABS គឺសុវត្ថិភាពជាង ហ្វ្រាំង CBS ។ ចំណែកឯស្តុបខាងក្រោយលែងសូវស្រួចដូចមុនទៀតហើយ ព្រមទាំងយ៉ាន់កង់ទំហំ ១៤ អ៊ីញ ។
ម្យ៉ាងវិញទៀត ចំពោះលើចំណុចស៊ីសាំងវិញ Honda Click 160 នេះ ចំណាយទៅលើការចាក់សាំងច្រើនជាង ២ លីត្រ ដែលម៉ូតូរត់បានចម្ងាយ ១០០ គីឡូម៉ែត្រ( ៤៧ គ.ម /១ល) វាស៊ីសាំងច្រើនជាង Click 125i និង Click 150i ស៊េរីឆ្នាំ ២០២១ ដោយម៉ូដែលទាំងនេះ អាចរត់ចម្ងាយបានដល់ ៥២ គម ស៊ីសាំងតែ ១ លីត្រនោះទេ ។
គួរជំរាបផងដែរ សម្រាប់តម្លៃរបស់ Honda Click 160 ស៊េរីឆ្នាំ ២០២២ នៅឯប្រទេសថៃ ៦៣៥០០ បាត ឬ ១៨០៩ ដុល្លារ ប៉ុន្តែសម្រាប់តម្លៃមកដល់ប្រទេសកម្ពុជាយើងវិញ ឡើងដល់ ៤៣៩០ដុល្លារ នេះបើយោងតាមវេបសាយលក់ម៉ូតូមួយនៅក្នុងស្រុកខ្មែរ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី