នេះគឺជាដំណឹងល្អមួយ សម្រាប់អតិថិជន ឬក៏ជាហ្វេនៗ របស់ ADV ហើយកាលពីពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Honda ទើបតែប្រលែងនូវ Click 160 ស៊េរី ២០២៣ មកដល់កម្ពុជា ប៉ុន្តែខណ:ពេលនេះដែរ លេចធ្លាយដំណឹងថា ADV ស៊េរី២០២៣ មកដល់ប្រទេសក្បែរខាងយើងហើយ ដោយឮថារូបរាងវា កាន់តែស្រស់ស្អាតជាងមុន ព្រមទាំងមានការផ្លាស់ប្តូរម៉ាស៊ីនថ្មីកាន់តែកាចជាងមុន ។

បើយោងតាមការចុះផ្សាយចេញពីគេហទំព័រមួយនៅក្រៅស្រុក បានឲ្យដឹងថា ខាងក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូនេស៊ី បានបង្ហាញនូវរូបរាងរបស់ Honda ADV ស៊េរី ២០២៣ ដែលមាននូវ option ពិសេសជាច្រើនដូចជា ការផ្លាស់ប្តូរនូវម៉ាស៊ីនថ្មី ដោយប្រើរួមគ្នាជាមួយ Honda PCX ស៊េរី ២០២៣ ផងដែរ ។

យ៉ាងណាមិញចំពោះ រូបរាងនិងតែម ខាងក្រុមហ៊ុន Honda បានកែនូវចំណុខ្លះ ឲ្យមើលទៅកាន់តែរឹងមាំជាងមុន ដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍របស់អតិថិជន ដែលនឹងមកត្រៀមបង្ហាញមុខនៅក្នុងទឹកដីប្រទេសកម្ពុជានាឆាប់ៗនេះ ។

តួយ៉ាង ចំពោះកម្លាំងម៉ាស៊ីនដែល Honda បានសម្រេចដាក់ជាមួយគ្នា ADV និង PCX ត្រូវបានដាក់ប្រើនូវកម្លាំងខ្លាំងជាងមុនគឺ ១៥៦.៩ សេសេ ប្រើនូវស៊ីឡាំងទោល liquid-cooled single-cylinder ដែលអាចផលិតនូវកម្លាំងសេះចំនួន ១៥.៨ សេះ និងអាចបង្កើតកម្លាំងរមូរ ១៤.៧ ញ៉ូតុនម៉ែត្រ ។

បើតាមប្រភពដដែល បានឲ្យដឹងទៀតថាចំពោះ កង់ខាងមុខទំហំ ១៤ អ៊ីញ និងកង់ខាងលក្រោយ ១៣ អ៊ីញ ត្រង់ចំណុចនេះរាងចម្លែកបន្តិច ជាទូទៅម៉ូតូធម្មតាកង់ខាងមុខនិងខាងក្រោយមានទំហំប៉ុនគ្នា តែសម្រាប់ ADV គេត្រូវការកង់ខាងមុខធំជាង ដោយសារចង់ឲ្យទីប្រជុំទម្ងន់នៅចំកណ្តាល មិនដូច Honda Click នោះទេ ។ ចំណែកធុងសាំងវាមានចំណុះ ៨.១ លីត្រ ដែលអាចបើកបរបានចម្ងាយប្រមាណ ២២៣ គីឡូម៉ែត្រ តែវាអាស្រ័យលើជំនាញនៃការបើកម៉ូតូរបស់បងប្អូនផងដែរ ។
រីឯតម្លៃរបស់ ADV 160 ស៊េរី ២០២៣ នេះចំពោះការលក់នៅក្រៅស្រុកគឺខ្ទង់ ២ពាន់ដុល្លារនោះទេ ដោយឡែកសម្រាប់ការនាំចូលមកកាន់ស្រុកខ្មែរវិញតម្លៃយ៉ាងណា នៅមិនទាន់មានដំណឹងច្បាស់លាស់នៅឡើយទេ ប្រសិនជាមានព័ត៌មានណាជាក់លាក់ Admin សន្យានឹងអាប់ដេតជូនបន្តនៅពេលក្រោយទៀត ៕
អត្ថបទដោយ៖ ព្រឹម ភក្តី
