ថ្មីៗនេះបើយោងតាមការចេញផ្សាយរបស់គណៈឱសថការីកម្ពុជា ក្រុមប្រឹក្សាគណៈឱសថការីជាតិ បានឲ្យដឹងថា ក្នុងគោលបំណងជួយសម្រួលដល់ឱសថការីទាំងអស់អោយមានភាពងាយស្រួល ចំណេញពេលវេលាកាត់បន្ថយចំណាយក្នុងការធ្វើដំណើរសម្រាប់ការងារចុះបញ្ជីកានៅគណៈឱសថការីកម្ពុជា និងការស្នើសុំអាជ្ញាបណ្ណឱសថការីដំបូង ព្រមទាំងជំរុញឱ្យការងារនេះមានការអភិវឌ្ឍទាន់សម័យកាលបច្ចេកវិទ្យាឌីជីថល គណៈឱសថការីកម្ពុជាបានរៀបចំ និងសម្រេច ដាក់ឱ្យអនុវត្តនូវការចុះបញ្ជីកាសមាជិកនៅគណៈឱសថការីកម្ពុជា និងការស្នើសុំអាជ្ញាបណ្ណឱសថការីដំបូង តាមប្រព័ន្ធអនឡាញ (RMS)ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣តទៅ ។
ជាមួយគ្នានេះ សម្រាប់អ្នកដែលចង់ស្នើសុំអាជ្ញាប័ណ្ណតាមអនឡាញ ត្រូវចូលទៅកាន់តណភ្ជាប់៖ HPC-CAMBODIA.COM ឬ PCCGOV.KH និងសាមីខ្លួនត្រូវបង្ហាញឯកសារពាក់ព័ន្ធ(ច្បាប់ដើម)ជូនដល់មន្ត្រីទទួលបន្ទុកចុះបញ្ជីការ និងអាជ្ញាបណ្ណឱសថការីនអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគណៈឱសថការីជាតិ ដើម្បីធ្វើការផ្ទៀងផ្ទាត់មានដូចជា៖ សញ្ញាត្រឱសថការី ឬវិញ្ញាបនបត្របណ្ដោះអាសន្ន ឬ វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងវិញ្ញាបនបត្រការអភិវឌ្ឍវិជ្ជាជីវៈបន្ត ព្រឹត្តិបត្រថ្កោលទោសលេខ៣ លិខិតបញ្ជាក់សុខភាព ។