២០២៤ អាចនឹងជាឆ្នាំយើងលែងឃើញមានស្មាតហ្វូនជ្រកក្រោមយីហោចាស់វស្សា Nokia ចេញលក់ទៀតហើយ ដោយក្រុមហ៊ុនមេរបស់យីហោនេះ HMD មិនមានគម្រោងជាក់លាក់បញ្ចេញស្មាតហ្វូនយីហោ Nokia ឡើយ ដោយនឹងដាក់លក់ស្មាតហ្វូនយីហោ HMD តែម្ដង។
ក្នុងសេចក្ដីប្រកាសព័ត៌មានកន្លងទៅផ្ដើមពីឆ្នាំ ២០២៤ នេះទៅ HMD មិនសូវរំលេចពីយីហោ Nokia ទេ ដោយព្យាយាមសង្កត់ធ្ងន់ទៅលើយីហោធំ HMD ច្រើនជាង។
ជាមួយគ្នានេះ នាយកផ្នែកទីផ្សារនៃក្រុមហ៊ុននេះ ធ្លាប់បង្ហោះនៅលើ LinkedIn កាលពីខែកុម្ភៈដោយផ្ដើមសង្កត់ធ្ងន់ថា៖ “ខណៈគេស្គាល់យើង (HMD) ជាអ្នកផលិតទូរស័ព្ទ Nokia តែទស្សនៈវិស័យយើងលើសពីកេរ្ត៍នេះ”។
លោកបានរៀបរាប់បន្តទៀត និយាយអំពីដំណើរនៃការកែប្រែខ្លួនអំពីពីត្រឹមជាអ្នកផ្ដល់អាជ្ញាបណ្ណទៅជាក្រុមហ៊ុនចម្រុះយីហោជាមួយនឹងផលិតផលដាច់ដោយឡែកផ្ទាល់ខ្លួន HMD តែម្ដង។
មានសញ្ញាជាច្រើនទៀតកំពុងបង្ហាញថា HMD Global កំពុងតែបោះបង់ចោលយីហោ Nokia យ៉ាងណាសម្រាប់ការគាំទ្រ Support ទៅលើម៉ូដែលចាស់ៗ ក្រុមហ៊ុននេះនឹងទទួលខុសត្រូវ ទៅតាមកិច្ចសន្យា ហើយទូរស័ព្ទ Nokia មួយចំនួនក៏ស្ថិតនៅលើវេបសាយលក់ របស់ HMD ផងដែរ។
សញ្ញាបន្ថែមទៀតនោះគេសង្កេតឃើញថា HMD មិនមានបង្ហើបពីគម្រោងបញ្ចេញទូរស័ព្ទ Nokia ថ្មីសោះឡើយ ព័ត៌មានបែកធ្លាយទៀតសោត ក៏ទំនងជាស្មាតហ្វូនថ្មីយីហោ HMD តែម្ដង រីឯមម៉ូដែល Nokia ចុងក្រោយបង្អស់វិញមានតែសេរ៊ីខ្ទង់ឆ្នាំ ២០២៣ តែប៉ុណ្ណោះ ដូចជា Nokia XR21 G42 ជាដើម។
យ៉ាងណាសម្រាប់មិត្តអ្នកអានយល់យ៉ាងណាដែរសម្រាប់ជោគជតាស្មាតហ្វូន Nokia តើអាចមានថ្ងៃវិលត្រឡប់មកទទួលភាពរុងរឿងអស្ចារ្យ ដូចកាលពីមុនទេ?