ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកម្មវិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវលេខ៤៨ នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតគ្រុបតេឡេក្រាម (Telegram Group) ឈ្មោះ "សុវត្ថិភាពចរចរណ៍យើង OUR ROAD SAFETY" ជូនសាធារណៈជនគ្រប់រូបប្រើប្រាស់ដោយសេរី ដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើបណ្ដាញសង្គម កម្មវិធីផ្ដល់ព័ត៌មាននានាដែល គណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងទំនាក់ទំនងជាមួយសាធារណៈជន សំដៅបង្ការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ និងបង្ការទប់ស្កាត់អំពីបទល្មើសច្បប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមាននៅលើផ្លូវថ្នល់នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។
ដើម្បីធានាបានការផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក សូមធ្វើការណែនាំដូចតទៅ៖
១. សូមផ្ដល់ព័ត៌មាន ទីតាំង និងពេលវេលា នៃហេតុការណ៍ពិតប្រាកដ និងច្បាស់លាស់។
២. សូមផ្ដល់រូបភាព ឬវីដេអូខ្លីៗ នៃហេតុការណ៍ពិតៗ ជាក់ស្ដែង។
៣. សូមផ្ដល់ខ្លឹមសារព័ត៌មានដោយប្រកាន់ខ្ជាប់តាមក្រមសីលធម៌។
សូមកុំផ្ដល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលមានចរិតញុះញង់ មួលបង្កាច់ បង្ខូចកិត្តិយក និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ឬពាក្យពេចន៍អសុរោះ ឬរូបភាពអាសអាភាស ដែលអំពីទាំងនេះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
៥. សូមកុំផ្ដល់ព័ត៌មាន ដែលខុសពីព័ត៌មានស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
បន្ថែមពីនេះ សាធារណជន ក៏អាចរាយការណ៍តាមរយៈកម្មវិធីលើទូរស័ព្ទ "ថែទាំផ្លូវថ្នល់" ROAD CARE Mobile App" ដែលអាចទាយកបានទាំង Android និង IOS កម្មវិធីនេះនឹងបញ្ចូនព័ត៌មានទៅក្នុងគ្រុបតេឡេក្រាម "សុវត្ថិភាពចរាចរណ៍យើង OUS ROAD SAFETY" ដោយភ្ជាប់ព័ត៌មានទីទាំង និងពេលវេលាដោយស្វ័យប្រវត្តិ។
តំណភ្ជាប់ទៅកាន់តេឡេក្រាម៖ https://t.me/traffic6789
អត្ថបទដោយ៖ ផែន ផាន់ណា