កាលពីម្សិលមិញនេះ កំពូលមហាសេដ្ឋីពិភពលោក Elon Musk បានប្រកាសនៅលើគណនី Twitter របស់លោកថា ប្រព័ន្ធ Full Self-Driving ឬ FSD ដែលភ្ជាប់នៅក្នុងរថយន្ត Tesla នឹងត្រូវដំឡើងថ្លៃ ២៥% នៃតម្លៃដើម ខណៈបច្ចុប្បន្នមុខងារ FSD មានតម្លៃ ១២០០០$ ហើយនឹងត្រូវដំឡើងដល់ ១៥០០០$ ចាប់ពីថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។
ជាមួយគ្នានេះការសែត CNBC ក៏បានឱ្យដឹងផងដែរថា ឥឡូវនៅសម្រាប់មុខងារ Full Self-Driving គឺនៅដំណើរការលក់ក្នុងតម្លៃ ១២០០០$ និងអាចបង់ប្រចាំខែ ១៩៩$ ក្នុង១ខែដដែល ប៉ុន្តែចាប់ពីថ្ងៃទី៥ ខែកញ្ញាទៅ មុខងារនេះនឹងត្រូវដំឡើងថ្លៃហើយ។ យ៉ាងណាមិញសម្រាប់ការដំឡើងតម្លៃនេះ គេនៅពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ។
គូសបញ្ជាក់ថា កន្លងមុខធ្លាប់មានប្រជាជនដែលរកនៅរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ធ្លាប់បានរិះគន់ទៅលើប្រព័ន្ធ Full Self-Driving ព្រោះប្រព័ន្ធនេះបានបង្កជាបញ្ហាមួយចំនួន ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងមានអ្នកស្នើឱ្យផ្លាស់ប្ដូរឈ្មោះប្រព័ន្ធ Full Self-Driving ទៅជាឈ្មោះផ្សេងក៏មានដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា