កូនខ្មែររៀនចប់វគ្គបណ្ដុះបណ្ដាលពេទ្យមកពីបរទេស! មកវិញធ្វើ​ App ទុកឲ្យអ្នកជំងឺពិគ្រោះយោបល់អនឡាញ​ ជាមួយដុកទ័រជំនាញ
ផែន ផាន់ណា
•
FEBRUARY 10 2023
•
នវានុវត្តន៍
•
900 views
•
2 mins read
•

មានស្រុកកំណើតនៅក្នុងខេត្តស្ទឹងត្រែង យុវជននិត ប៊ុនតុងយី បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជាច្រើនមកពីបរទេស លើជំនាញព្យាបាលជំងឺទូទៅ រហូតត្រឡប់មកខ្មែរវិញ លោកនិងមិត្តភភ្ដិ បានចាប់ផ្ដើមស្វែងរកវិធី ធ្វើយ៉ាងណា ជួយអ្នកជំងឺឲ្យចេះពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ នៅលើប្រព័ន្ធអនឡាញមិនចាំបាច់ ឲ្យធ្វើដំណើរទៅកាន់មន្ទីរពេទ្យផ្ទាល់ ដោយលោកបានបង្កើត App មួយឈ្មោះ “Meet Doctor” ដើម្បីប្រមូលផ្ដុំវេជ្ជបណ្ឌិតពូកែៗ ឲ្យមាននៅលើផ្លេតហ្វមថ្មីមួយនេះ។

Photo 2023 02 10 12 21 21

ថ្លែងប្រាប់ក្រុមការងារ Technology Cambodia កាលពីពេលថ្មីៗនេះលោក ប៊ុនតុងយី បានឲ្យដឹងថា គោលបំណងនៃការបង្កើតផ្លេតហ្វមនេះឡើង ក៏ព្រោះតែលោកចង់ឲ្យប្រជាជនខ្មែរ ឬអ្នកជំងឺទាំងអស់ ចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្វែងរកវិធីព្យាបាល និងចង់ផ្ដាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដែលតែងតែគិតថា “ខ្មែរយើងមិនមានពេទ្យពូកែៗ” ដើម្បីឲ្យពួកគាត់ ចេះស្វែងរកពេទ្យខ្មែរល្អៗនៅលើអនឡាញ មានជំនាញច្បាស់លាស់ ត្រូវនឹងជំងឺរបស់ពួកគាត់។

លោកបានបន្តថា កាលពីអំឡុងឆ្នាំ២០២១ មុនបង្កើត App Meet Doctor នេះឡើង លោកនិងក្រុមការងារ ផ្សេងទៀតបានបង្កើតឆាលែនតេឡេក្រាមមួយ សម្រាប់អ្នកជំងឺទាំងអស់ អាចចូលទៅពិគ្រោះយោបល់ សួរនាំពីអាការ: ផ្សេងៗដោយឥតគិតថ្លៃ។ យ៉ាងណាមិញ​ ដោយសារតែនៅលើកម្មវិធីតេឡេក្រាម ត្រឹមតែ១សប្ដាហ៍ដំបូង ទិន្នន័យអ្នកចូលរួមឡើងដល់រាប់ម៉ឺននាក់ រហូតដល់ពិបាកនៅក្នុងការឆ្លើយតប មិនទាន់ពេលវេលា។ អាស្រ័យហេតុនេះ ទើបលោក ប៊ុនតុងយី សម្រេចចិត្តបង្កើតជាលក្ខណ: App ប្រើនៅលើទូរស័ព្ទដៃ មានមុខងារពិសេសៗច្រើន និងអាចឲ្យអ្នកជំងឺបានជជែកជាមួយដុកទ័រជំនាញបានផងដែរ។

328484844 975234810526692 5670206653062742163 N

ថ្លែងប្រាប់ទាំងទឹកមុខញញឹម លោកបានបញ្ជាក់ថា នៅលើ App Meet Doctor ជំនាន់ចុងក្រោយនេះ គឺមានមុខងារល្អៗជាច្រើន ដោយក្នុងនោះអ្នកជំងឺអាចចូលទៅស្វែងរកគ្រូពេទ្យឯកទេសជាច្រើនរូប ដើម្បីប្រឹក្សាយោបល់តាមអនឡាញ។ ក្រោយពេលជួបជាមួយគ្រូពេទ្យរួច នៅលើ App នេះក៏មាន មុខងាររក្សាទុកព័ត៌មានរបស់អ្នកជំងឺ ដូចជាប្រវត្តិជំងឺ ថ្នាំត្រូវប្រើប្រាស់ ថ្នាំកំពុងប្រើ ឬប្រើហើយ និងប្រវត្តិវះកាត់ផ្សេងៗ។ បន្ថែមពីលើនេះ នៅលើផ្លេតហ្វមនេះ ក៏មានមុខងារទុកឲ្យបងប្អូន ប្រជាពលរដ្ឋ អាចចូលទៅប្រឹក្សាជំងឺរបស់ពួកគេ ជាមួយគ្រូពេទ្យបានដោយឥតគិតថ្លៃផងដែរ។

330130091 602411184651566 2239883590978291044 N

គួរបញ្ជាក់ថា នេះគឺជា App ដំបូងគេនៅកម្ពុជា ដែលអាចឲ្យអ្នកជំងឺជួបជជែកជាមួយគ្រូពេទ្យតាម អនឡាញ ព្រោះកន្លងមកមានប្រភេទអ្នកជំងឺខ្លះ​ ពុំសូវមានភាពក្លាហ៊ាន ទៅជួបគ្រូពេទ្យ ឬអ្នកជំនាញ ដោយផ្ទាល់នៅទេ ប៉ុន្តែពេលមាន Meet Doctor លោកអ្នកអាចបើកចិត្ត ជួបពិភាក្សាជាមួយពេទ្យ ដោយមិនមានភាពភ័យខ្លាច។ គួរបន្ថែមថា សម្រាប់កំណែតម្រង់ថ្មីជំនាន់ទី២នៅលើ App Meet Doctor គឺបានបន្ថែមនូវមុខងារពិសេសៗជាច្រើនដូចជា កក់ការពិគ្រោះអនឡាញ កក់ការណាត់ជួបផ្ទាល់ ស្វែងរកគ្រូពេទ្យកំពុងអនឡាញ និងការសួរសំណួរចម្លើយផ្សេងៗ។ តោះ មានបញ្ហាសុខភាពបែបណា ទាញយក App Meet Doctor ដើម្បីពិគ្រោះឲ្យទាន់ពេលវេលា៕ ទាញយក App Store និង Play Store

អត្ថបទដោយ៖ ផែន​ ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia