សិស្សនិស្សិតជិត៣ពាន់នាក់ បានចូលរួមគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»
ផែន ផាន់ណា
MARCH 21 2023
PR
596 views
3 mins read

ភ្នំពេញ៖ ក្រុមហ៊ុន ឫទ្ធិពល បានផ្តួចផ្តើមនិងដឹកនាំអនុវត្តគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» រយៈពេលពេញ១ឆ្នាំ​ ដល់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅចំនួន ១ម៉ឺននាក់ ដែលចាប់ផ្តើមតាំងពីតុលា ឆ្នាំ២០២២មកម្ល៉េះ។ គិតមកដល់ខែមីនា ឆ្នាំ២០២៣ គម្រោងនេះ បានរៀបចំជាសិក្ខាសាលាស្តីពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ»ដល់យុវជន និងសិស្សនិស្សិតបានចំនួនជិត២,៧០០នាក់ (ស្រ្តី១,៤១៣នាក់) នៅគ្រឹះស្ថានអប់រំរដ្ឋនិងឯកជននៅតាមបណ្តារាជធានី-ខេត្តចំនួន៦។

Img 2841

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយ (Kotluy) ដែលផ្តួចផ្តើមគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះឡើង បានមានប្រសាសន៍ថា “Fintech” ឬ«បច្ចេកវិទ្យាហិរញ្ញវត្ថុ» គឺជាការផ្តល់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណិតពីកម្មវិធីធនាគារចល័តទៅកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ, Blockchain និង Cryptocurrency រួមទាំងការជួញដូរភាគហ៊ុនផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ជំនួសឱ្យការធ្វើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុតាមវិធីចាស់ មកជួយសម្រួលដល់ការផ្តល់និងទទួលសេវាកម្មដែលទាក់ទងនឹងហិញ្ញវត្ថុ និងការទូទាត់ប្រាក់ ដើម្បីកាត់បន្ថយថ្លៃចំណាយ ចំណេញពេលវេលា និងហានីភ័យផ្សេងៗ ក្នុងការធ្វើប្រតិបត្តិការសេវាកម្មអ្វីមួយ ទាំងលក្ខណបុគ្គលនិងនៅក្នុងអាជីវកម្ម។

Img 2862(2)

លោក ទិត្យ កំរង បានឱ្យដឹងទៀតថា ទោះយ៉ាងណា ការយល់ដឹងរបស់យុវជនពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ​នៅក្នុងសាកល​ភាវូបនីយកម្ម​នៃ​ពិភពលោកនេះមានកម្រិតនៅឡើយ ដែលទាមទារឱ្យពួកគេសិក្សាស្វែងយល់បន្ថែមទាំងគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ។ ជាពិសេស ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងការរស់នៅប្រចាំថ្ងៃ និងអាជីវកម្មឱ្យកាន់តែប្រសើរ ចំណេញទាំងពេលវេលានិងសុវត្ថភាព។

Photo 2023 03 21 13 23 24

លោក ទិត្យ កំរង ដែលជាអ្នកឯកទេសបណ្តុះបណ្តាល និងជាអ្នកអភិវឌ្ឍកម្មវិធីសិក្សាចំណេះដឹងហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយអង្គការអប់រំពិភពលោក អូស្ត្រាលី និងអង្គការ GOOD RETURN និងមានបទពិសោធធ្វើការជាមួយនឹងភាគីពាក់ព័ន្ធទាំងនៅក្នុងវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋាភិបាលនៅក្នុងវិស័យហិរញ្ញវត្ថុផងនោះ បានបញ្ជាក់ថា គម្រោងនេះនឹងជួយដល់អ្នកចូលរួមក្នុងការយល់ដឹងបន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សារសំខាន់ និងអត្ថប្រយោជន៍របស់វា។ ចំណេះដឹងហរញ្ញវត្ថុ (Financial Literacy) ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្របខ្លួនក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ថែមទាំងបង្ហាញពីរបៀបប្រើប្រាស់(FinTech) ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដើម្បីបង្កើនសេចក្ដីសុខ សុខុមាលភាពហិរញ្ញវត្ថុ លើកទឹកចិត្តយុវជន និងអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យត្រៀមលក្ខណៈដើម្បីក្លាយជាពលរដ្ឋឌីជីថល។

Photo 2023 03 21 13 23 25

លោកស្រី ប៉ែន បុប្ផា នាយិកាបណ្តុះបណ្តាលមជ្ឈមណ្ឌលឫទ្ធិពល គ្រូបណ្តុះបណ្តាលបំណិនជីវិត ភាពជាអ្នកដឹកនាំ និងចំណេះដឹងហិរញ្ញវត្ថុ ដែលបានដឹកនាំអនុវត្តគម្រោងគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះផ្ទាល់ បានឱ្យដឹងដែរថា គម្រោងនេះបានរៀបចំជាសិក្ខាសាលាក្រោមប្រធានបទស្តីពី៖«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដល់យុវជន សិស្សិនិស្សិត និងសាធារណជនប្រមាណ ១ម៉ឺននាក់ ដែលនៅតាមបណ្តាគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនចំនួន៣០ និងរៀបចំជាវេទិកាសាធារណចំនួន៤លើកផងដែរ។

Photo 2023 03 21 13 23 26 (2)

លោកស្រី ប៉ែន បុប្ផា បានបញ្ជាក់ប្រាប់ពីគោលបំណងដែលរៀបចំជាសិក្ខាសាលានេះ ដើម្បីឱ្យឆ្លើយបតនឹងលទ្ធផលរំពឹងទុករបស់គម្រោងទាំងមូលនោះ គឺបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, បង្កើតទម្លាប់សន្សំតាមរយៈការគ្រប់គ្រងប្រាក់ចំណូល បំណុល និងរកប្រាក់ចំណូលបន្ថែម ព្រមទាំងសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃ។

Photo 2023 03 21 13 23 26

និស្សិតដែលជាសិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលានៃគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ»នេះ បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំងចំពោះការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ចំណេះដឹងក្នុងការគ្រប់គ្រងលុយកាក់ឱ្យមានប្រសិទ្ធភាព សន្សំលុយឱ្យមានប្រសិទ្ធភាព ការបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជារបៀបប្រើប្រាស់កាតធនាគារ ក្រេឌីតកាត វីសាកាត ម៉ាស្ទ័រកាតទាំងក្នុងនិងក្រៅប្រទេស ទ្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល អេបកត់លុយ(Kotluy) និងការគ្រប់គ្រងហានីភ័យហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពផងដែរ។

សម្រាប់និស្សិតមួយចំនួនទៀត ដែលកំពុងតែប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុហើយ ដូចជាគណនេយ្យធនាគារ, ការដកប្រាក់ទូរ ATM​ និងការស្គេន KHQR ជាដើម ប៉ុ​ន្តែពួកគាត់មិនដឹងថាការប្រើប្រាស់មធ្យោបាយទាំងនោះជាបច្ចេកវិទ្យាហិរញ្ញវត្ថុនោះឡើយ។ ដូច្នេះ ពួកគាត់បាននិយាយថាចំណេះដឹងទាំងអស់នេះពិតជាមានសារសំខាន់ណាស់ក្នុងនាមជាយុវជន ដែលកំពុងរស់នៅក្នុងសង្គមសម័យឌីជីថលបែបនេះ។

ជាងស្តែងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ គម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នឹងរៀបចំវេទិកាសាធារណៈស្ដីអំពី«ឈ្វេងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» ឱ្យសាធារណជនចូលរួមប្រមាណ ៣០០-៤០០នាក់។ សម្រាប់វេទិកាសាធារណៈលើកទី១នេះ រៀបចំធ្វើនៅហ្វេកធឺរីភ្នំពេញ (Factory Phnom Penh) ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង ១១:០០ព្រឹក ដោយមានវាគ្មិន៤រូបអញ្ជើញចូលរួមចែករំលែក។

Photo 2023 03 20 15 11 45

សូមបញ្ជាក់ផងដែរថា គម្រោងគម្រោង«យុវជននិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» ផ្តួចផ្តើមដោយក្រុមហ៊ុន ឫទ្ធិពល ដោយមានការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងមូលនិធី ស.អ ឧបត្តម្ភធំដោយធនាគារ អេស៊ីលីដា និងក្រុមហ៊ុនធានារ៉ាប់រង GC Life និងក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) និងសហការឧបត្តម្ភដោយក្រុមហ៊ុន ឌីហ្វើនីឈ័រ (D'furniture), អង្កការ KMH Foundation, ក្រុមហ៊ុន ISI GROUP, ក្រុមហ៊ុន នំស្រួយលីលី (LY LY Food Industry Co., LTD.) និង Factory Phnom Penh ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team