ក្រោយពីក្រុមហ៊ុន Tesla បានខាតបង់លុយអស់រាប់ពាន់លានដុល្លារ ព្រោះខ្សែចង្វាក់ផលិតឡានអគ្គិសនីរបស់ខ្លួនមានភាពយឺតយាវ ដែលបណ្ដាលមកពី <កូវីដ១៩> រីលរាលដាលក្នុងប្រទេសចិននៅដើមឆ្នាំ២០២២នេះ បានធ្វើឱ្យការដឹកជញ្ជូនគ្រឿងបង្គំសំខាន់ៗនៃឡានត្រូវជាប់គាំង។
ក្រោយភ្លៀងមេឃស្រឡះពិតមែន ម្សិលមិញនេះលោក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla បានបង្ហោះសារខ្លី ប្រាប់មនុស្ស១ពិភពលោកថា រោងចក្រ Tesla ផលិតឡានអគ្គិសនីបាន៣លានគ្រឿង ដោយក្នុងចំណែក៣លានគ្រឿងនោះ មាន១លានគ្រឿងនាំចេញពីរោងចក្រទីក្រុងសៀងហៃ ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNBC។
ការប្រកាសពីសមិទ្ធិផលថ្មីនេះ បានកើតឡើងព្រមគ្នាជាមួយនឹងសេចក្ដីរាយការណ៍ថា នៅក្នុងត្រីមានថ្មីនេះ រថយន្ត Tesla លក់ដាច់ខ្លាំង ឬកំណើននៃការលក់ខ្ពស់ជាងមុន។ កាលពីខែកក្កដាកន្លងទៅ Tesla បានលក់រថយន្តអស់ ២៥៤,៦៩៥ គ្រឿងក្នុងត្រីមានទី២ ដែលទិន្នន័យនេះបង្ហាញពីការកើនឡើង ២៦.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
គូសបញ្ជាក់ថារថយន្តចំនួន៣លានគ្រឿង គឺមាន១លានគ្រឿងហើយ ដែលផលិតនៅប្រទេសចិន ក្នុងទីក្រុងសៀងហៃ ខណៈមានរោងចក្រផលិតឡាន Tesla មួយចំនួនទៀតដូចជានៅរដ្ឋកាលីហ្វ័រញ៉ា, អូស្ទីន, រដ្ឋតិចសាស់, និងនៅជិតទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ជាដើម៕
អត្ថបទដោយ៖ ផែន ផាន់ណា