នេះគឺជារឿងដ៏ក្ដៅគគុកមួយនៅលើបណ្ដាញសង្គម អំពីបទចោទប្រកាន់ទៅលើកំពូលមហាសេដ្ឋីពិភពលោក Elon Musk ថាលោកបានបៀតបៀនបុគ្គលិកស្រីម្នាក់ ដែលបម្រើការនៅលើយន្តហោះរបស់ក្រុមហ៊ុន SpaceX។ ករណីនេះត្រូវទម្លាយចេញដោយមិត្តភក្ដិរបស់ជនរងគ្រោះ អំពីរឿងរ៉ាវមួយចំនួនដែល Elon ធ្វើដាក់មិត្តរបស់ខ្លួនជាពិសេសគឺការបង្ហាញប្រដាប់ភេទ និងល្បួងលួងលោមជនរងគ្រោះនោះ ដោយមានកិច្ចសន្យាផ្សេងៗ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Theverge។
ចំពោះហេតុការណ៍នេះត្រូវបានមិត្តរបស់ជនរងគ្រោះទម្លាយថា វាបានកើតឡើងតាំងពីឆ្នាំ២០១៨ម៉្លេះ ប៉ុន្តែទើបនឹងត្រូវបានលាតត្រដាងក្នុងពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយ ជនរងគ្រោះបានបដិសេធយ៉ាងដាច់ណាត់ថា ខ្លួនមិនបានជឿតាមការលួងលោម ឬជ្រុលជ្រោះអ្វីជាមួយនឹង Elon ទេនៅថ្ងៃនោះ ហើយបន្ទាប់ពីរឿងនេះកើតឡើងភ្លាមក្រុមហ៊ុន SpaceX ក៏បានផ្ដាស់ប្ដូរនាងទៅបម្រើការនៅកន្លែងមួយផ្សេងទៀត ព្រោះគេបានសង្កេតឃើញអកប្បកិរិយារបស់នាង ហាក់ដូចជាអន់ចិត្តខ្លាំង និងចង់សងសឹក Elon ទៀតផង។
បើយោងតាមការចុះផ្សាយរបស់ Insider ក៏បានឱ្យដឹងបន្ថែមដែរថា អ្នកបម្រើនៅលើយន្តហោះនោះបានដាក់ពាក្យប្ដឹងទៅប្រធានផ្នែកធនធានមនុស្សនៅក្រុមហ៊ុន SpaceX ក្នុងឆ្នាំ២០១៨ ដោយនិយាយពីការធ្វើទុក្ខបុកម្នេញអំឡុងពេលបំពេញការងារ ព្រោះតែនាងបានបដិសេធសំណើរបស់ Elon កន្លងទៅ។ មិនឱបដៃឈរមើលទេ ដើម្បីសងនូវជំនឿចិត្តវិញ ក្រុមហ៊ុន SpaceX ក៏សម្រេចផ្ដល់ថវិកាចំនួន ២៥០០០០ដុល្លារទៅឱ្យនាង ដើម្បីលួងចិត្តកុំឱ្យនាងដើរនិយាយអាក្រក់ពីលោក Elon Musk អី។
ក្រឡេកមកមើលអ្នកដែលគេចោទប្រកាន់វិញ ចំពោះរឿងអាស្រូវដ៏កំពុងល្បីខ្ទរខ្ទ័រនេះ លោក Elon Musk ក៏បានបង្ហើបបន្តិចដែរថា “នៅមានរឿងច្រើនទៀត” ហើយរឿងទាំងនោះសុទ្ធតែរុញឡើងដោយពាក់ព័ន្ធនឹងនយោបាយ។ អ្វីដែលលោកនិយាយនេះ បានធ្វើឱ្យគេនឹកទៅដល់ពាក្យពេចន៍របស់លោក ដែលបង្ហោះនៅលើ Twitter កាលពីថ្ងៃពុធសប្ដាហ៍មុនថា “ការវាយប្រហារផ្នែកនយោបាយមកលើរូបលោក នឹងកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានខែខាងមុខនេះ”៕
អត្ថបទដោយ៖ ផែន ផាន់ណា