នាយកប្រតិបត្តិក្រុមហ៊ុន Tesla ត្រូវបានគេប្រទះឃើញនៅក្នុងពិធីជប់លៀបលើទូកដ៏ប្រណិតមួយ ដែលចតនៅលើឆ្នេរសមុទ្រ Mykonos ប្រទេសក្រិក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ស្ថិតក្នុងសម្លៀកបំពាក់បែបសាមញ្ញ ពាក់អាវយឺតធម្មតា ជាមួយខោខ្លីហែលទឹង លោក Elon Musk ត្រូវបានគេដឹងថា ហាក់ដូចជាគ្មានខ្វល់ខ្វាយ ជាមួយបណ្ដឹង Twitter ក្រោយព្យាយាមដើរចេញពីកិច្ចព្រមព្រៀងទិញលក់ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់ Yahoo News។
ប្រភពដដែលបានឱ្យដឹងថា Elon Musk មិនត្រឹមតែ មិនយកចិត្តទុកដាក់លើរឿងប្ដឹងផ្ដល់របស់ Twitter ទេ ជាក់ស្ដែងសូម្បីតែរឿងដែលទើបនឹងកើតឡើងថ្មីៗនេះ ដូចជាការទាស់សម្ដីគ្នា ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក Donald Trump ពាក់ព័ន្ធនឹងបញ្ហានយោបាយក៏ដោយ។
គូសបញ្ជាក់ថា នៅក្នុងមួយសប្ដាហ៍ៗ Elon Musk ធ្លាប់និយាយថាលោកធ្វើការរាប់រយម៉ោង រហូតដល់ពេលខ្លះលោកត្រូវបង្ខំចិត្តដេកនៅក្នុងការិយាល័យផងក៏មាន។ ជាទូទៅគេកម្រឃើញរូបភាពរបស់លោកដើរលេងកម្សាន្តណាស់ ពោលគឺលោកជាមនុស្សចូលធ្វើការងារនៅក្នុងរោងចក្រ ឬក្រុមហ៊ុនរបស់លោកសឹងតែរាល់ថ្ងៃ។ ដូច្នេះទើបពេលដែលគេ ប្រទះឃើញរូបភាពលោកនៅក្នុងពិធីជប់លៀង ឬដើរលេងកម្សាន្ត អំឡុងពេលលោកត្រូវបានគេប្ដឹងផ្ដល់ល្បីពេញពិភពលោកបែបនេះ ទើបធ្វើឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង៕
អត្ថបទដោយ៖ ផែន ផាន់ណា