ក្រោយពីបញ្ចប់ចំណងមេត្រីភាពជាមួយគូស្នេហ៍របស់ខ្លួនជាបន្តបន្ទាប់ ពេលនេះ Elon Musk ត្រូវបានគេដឹងថា លោកបានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីរូបស្រស់ម្នាក់ទៀតឈ្មោះ Shivon Zilis ដែលនាងគឺជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Neuralink ផ្ទាល់តែម្ដង។ ស្នេហាដ៏ស្ងាត់ស្ងៀមមួយនេះ ត្រូវបានគេដឹងថាលោក Elon Musk ទទួលបានកូនភ្លោះដល់ទៅពីរនាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Dailymail។
ការទទួលបានកូនភ្លោះដល់ទៅពីររូបនេះ ត្រូវបានគេដឹងថា លោកទទួលបាន មុនពេលដែលអ្នកនាង Grimes អតីតមិត្តស្រីរបស់លោក Elon Musk ពពោះទៅទៀត ពោលគឺកូនទាំងពីរនេះសម្រាលនៅក្នុងវិច្ឆិកា(2021) ប៉ុន្មានសប្តាហ៍មុនពេល Musk និង អតីតមិត្តស្រីរបស់លោកឈ្មោះ Grimes បង្កើតកូនទីពីរតាមរយៈការពពោះជំនួសក្នុងខែធ្នូ។
យ៉ាងណាមិញកាលពីខែមេសាឆ្នាំ២០២២ កន្លងទៅ Elon និង Zilis ធ្វើលិខិតស្នើសុំផ្លាស់ប្ដូរឈ្មោះកូនភ្លោះរបស់ពួកគេ ដើម្បីដាក់នាមត្រូវកូលរបស់ឪពុក និងបញ្ចូលនាមត្រកូលរបស់ម្ដាយជាផ្នែកនៃឈ្មោះកណ្ដាល នេះបើយោងតាមឯកសាររបស់តុលាការ ចុះឈ្មោះដោយប្រភពខាងលើ។
គួរជម្រាបផងដែរថា៖ មកទល់ពេលនេះ Elon Musk មានកូនសរុបចំនួន៩នាក់ហើយ ដោយបូកបញ្ចូលទាំងកូនភ្លោះពីរនាក់ក្រោយទៀត។ សម្រាប់អ្នកអានវិញ តើយល់ឃើញយ៉ាងណាដែរសម្រាប់រឿងនេះ ជួយបញ្ចេញមតិយោបល់ឱ្យពួកយើងបានដឹងផងដែរ អរគុណ។
អត្ថបទដោយ៖ ផែន ផាន់ណា