ការពិសោធន៍ ញាត់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្ស នឹងចាប់ផ្ដើមឡើងក្នុងរយៈពេល៦ខែខាងមុខ នេះបើតាមអ្វីដែលលោក Elon Musk កំពូលមហាសេដ្ឋីពិភពលោកបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះ។ លោកក៏បានព្យាករខ្លួនឯងផងដែរថា ប្រសិនបើការសាកល្បងនេះដំណើរការទៅដោយរលូន នោះលោកអាចនឹងចាប់ផ្ដើមពាក់បន្ទះឈីបនោះដោយខ្លួនឯងផងដែរ។
នៅក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនោះផងដែរ លោកក៏បានបញ្ជាក់ថា “យើងចង់ធ្វើការពិសោធន៍ដោយស្មារតីប្រុងប្រយ័ត្នបំផុត ជាមួយទំនុកចិត្តមួយថា វានឹងដំណើរការទៅដោយល្អ មុននឹងដាក់ចូលទៅក្នុងខួរក្បាលមនុស្ស" នេះបើយោងតាមការចុះផ្សាយរបស់កាសែត Reuters។
ភ្ជាប់ជាមួយគ្នានេះ ក្រុមហ៊ុន Neuralink ក៏បានប្រកាសផងដែរថា ពេលនេះខ្លួនកំពុងតែបង្កើតចំណុចប្រទាក់រវាងខួរក្បាល និងបន្ទះឈីប ដែលអាចធ្វើឱ្យមនុស្សខ្វាក់មើលឃើញ និងមួយទៀត ពួកគេកំពុងស្ដារឡើងវិញនូវមុខងាររាងកាយពេញលេញ ដែលអាចជួយឱ្យមនុស្សដែលមានបញ្ហាសរសៃឈាមខួរក្បាល អាចប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្ដី ជាមួយមនុស្សជុំវិញខ្លួនបាន។
ក្រុមហ៊ុនបន្តថា ចំណុចប្រទាក់នៃបន្ទះឈីប ជាមួយនឹងខួរក្បាលនេះ នឹងត្រូវចាប់ផ្ដើមឡើងក្នុងរយៈពេល៦ខែទៀត ដូចដែលលោក Elon Musk បានលើកឡើងពិតមែន។ យ៉ាងណាមិញក្រុមហ៊ុន Neuralink បានបញ្ជាក់ផងដែរ សម្រាប់បន្ទះឈីបនេះ មិនទាន់អាចលក់ចេញបានទេ ព្រោះមិនទាន់មានការអនុញ្ញាតណាមួយពីសំណាក់ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ប៉ុន្តែលោក Elon Musk បានឱ្យដឹងថា គាត់កំពុងដាក់ស្នើទៅ FDA ដើម្បីសាកល្បងហើយ។
គួរបញ្ជាក់ថា មកទល់ពេលនេះ Neuralink នៅតែពិសោធន៍ការញាត់បញ្ចូលបន្ទះឈីបចូលទៅក្នុងខួរក្បាលសត្វនៅឡើយ ប៉ុន្តែឆាប់ៗនេះ នឹងការពិសោធន៍លើមនុស្សផងដែរ។ សម្រាប់អ្នកទាំងអស់គ្នាវិញ យល់ឃើញយ៉ាងណាដែរ បញ្ចេញមតិឱ្យពួកយើងបានដឹងផង អរគុណ៕
អត្ថបទដោយ៖ ផែន ផាន់ណា