ថ្វីត្បិតថាលោក Elon Musk ទើបតែទិញយកបណ្ដាញសង្គមយក្ស (Twitter) អស់៤៤ពាន់លានដុល្លារ កាលពីប៉ុន្មានខែមុននេះពិតមែន ប៉ុន្តែលោកបានដាក់ជាសំណួរថា តើយើងគួរតែចំណាយពេលវេលាលេងបណ្ដាញសង្គមឱ្យតិចដែរឬទេ?
ឆ្លើយតបទៅនឹង Twitter មួយដែលនិយាយអំពីឥទ្ធិពលបណ្ដាញសង្គមបច្ចុប្បន្ន កំពុងធ្វើឱ្យមនុស្សជាច្រើនឯកកោ! លោក Elon Musk បានលើកសំណួរឡើងចំៗថា “ប្រហែលជាមនុស្សត្រូវចំណាយពេលតិចជាងមុន លើការប្រើប្រាស់បណ្ដាញសង្គម?”។
ការសួរសំណួរបែបនេះបានកើតឡើង បន្ទាប់ពីគណនី Twitter មួយឈ្មោះ The Rabbit Hole បានបង្ហោះទិន្នន័យស្ដីអំពីអត្រានៃភាពឯការរបស់មនុស្ស ពេលប្រើបណ្ដាញសង្គមច្រើន។ នៅក្នុងទិន្នន័យនោះបង្ហាញថា ១៥% នៃបុរសត្រូវបានគេរាយការណ៍ថា លែងសូវមានមិត្តជិតស្និត ក្នុងឆ្នាំ២០២១ ធៀននឹង ៣% ក្នុងឆ្នាំ១៩៩០។ ចំណែកស្រ្តីវិញ ត្រូវបានគេរាយការណ៍ថា ១០% បាត់បង់មិត្តភាពដែលជិតស្និត ក្នុងឆ្នាំ២០២១ ធៀបនឹង២% ក្នុងឆ្នាំ១៩៩០។
យ៉ាងណាមិញ បញ្ហានេះត្រូវបានគេចាត់ទុកថាជាបញ្ហាទ្រង់ទ្រាយធំ ដែលគួរដោះស្រាយ ព្រោះវានឹងបណ្ដាលឱ្យមនុស្សចំណាយពេលលើបណ្ដាញសង្គមច្រើន ក្លាយទៅជាមនុស្សឯកកោ ដោយបាត់បង់នូវភាពស្និតស្នាលជាមួយមនុស្សជុំវិញខ្លួន ពោលគឺជក់ប្រើតែបណ្ដាញសង្គមពេក៕
អត្ថបទដោយ៖ ផែន ផាន់ណា