គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ Elon Musk នៅតែរក្សាតំណែងជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកជាមួយនឹងទ្រព្យរហូត ២០៦ពាន់លានដុល្លារ នេះបើតាមទិន្នន័យពីគេហទំព័រ Bloomberg Billionaires Index។
សម្រាប់អ្នករៀនពីគាត់ប្រហែលជាដឹងខ្លះហើយថា គាត់ជាមនុស្សដែលញៀននឹងការងារខ្លាំងបំផុត ហើយជីវិតក្នុងការរស់នៅវិញ មិនសូវជាចូលចិត្តបែបឡូយឆាយដូចសេដ្ឋីឯទៀតនោះទេ ហើយថ្មីៗនេះក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Vanity Fairs អតីតមិត្តស្រី និង ជាម្ដាយកូនតូច២នាក់របស់ Elon បានធ្វើការទម្លាយពីរបៀបដែល Elon រស់នៅថារស់នៅយ៉ាប់ជាងអ្នកក្រខ្សត់ទៀត។
Grimes ដែលជាអតីតមិត្តស្រីរបស់ Elon បាននិយាយថា “គាត់មិនរស់នៅដូចសេដ្ឋីប្រាក់ពាន់លានដុល្លារនោះទេ” ហើយនៅទម្លាយទៀតថា ផ្ទះដែលអ្នកនាង Grimes ស្នាក់នៅជាមួយ Elon ជាផ្ទះតូចមួយតម្លៃខ្ទង់៤ម៉ឺនដុល្លារ ដែលនៅអាមេរិកផ្ទះតម្លៃប៉ិននេះ ជាផ្ទះតូចលំដាប់ថវិការ។
លើសពីនេះទៀត Grimes ហាក់ដូចហែកកេរ្តិ៍ Elon បន្ថែមទៀតថា Elon រវល់ៗរហូតមិនគិតគូរដូរសូម្បីពូកដេក ដោយពូកដែលដេកនោះ មានទាំងស្នាមរហែកទៀតផង។
នេះជាសក្ខីភាពបន្ថែមទៀតបង្ហាញថា Elon Musk ជាមនុស្សដែលវក់នឹងការងាររហូតទាល់តែភ្លេចការងារនៅផ្ទះ ហើយជាលទ្ធផលជីវិតស្នេហារបស់គាត់ក៏មិនសូវបានយូរនឹងគេដែរ។