ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងវិស័យគ្រីបតូ ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសពីកាក់គ្រីបតូរូបិយប័ណ្ណឈ្មោះ $TRUMP ប៉ុន្មានថ្ងៃមុនពិធីសប្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025។
ចលនានេះមិនត្រឹមតែទាក់ទាញទីផ្សារគ្រីបតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកក្នុងរយៈពេលត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។
នៅថ្ងៃទី 17 ខែមករា ឆ្នាំ 2025 ប្រធានាធិបតីជាប់ឆ្នោត Trump បានប្រកាសការចេញកាក់ $TRUMP memecoin តាមរយៈគណនីផ្ទៀងផ្ទាត់របស់លោកនៅលើ X (ពីមុនហៅថា Twitter) និង Truth Social។
កាក់នេះស្ថិតនៅលើប្លុកឆេន Solana ត្រូវបានណែនាំថាជា "មីមមួយគត់របស់ Trump ដែលផ្លូវការ" ដោយមានរូបភាពគំនូររបស់ Trump លើកដៃជាជាឡូហ្គូ។ ទោះបីជាមានការសរសេរប្រកាសបដិសេធដែលបញ្ជាក់ថាកាក់នេះ "មិនមែនជាឱកាសវិនិយោគ ឬមូលបត្រ" ក៏ដោយ ទីផ្សារបានឆ្លើយតបយ៉ាងខ្លាំង ដោយមានមនុស្សសម្រុកទិញយ៉ាងផុសផុល។
ក្នុងរយៈពេលប៉ុន្មានម៉ោង តម្លៃកាក់ $TRUMP បានកើនឡើងជាង 300% ដោយសម្រេចបានមូលធនទីផ្សារប្រមាណ 14 ពាន់លានដុល្លារ។
ការកើនឡើងយ៉ាងរហ័សនេះបានដាក់ $TRUMP ក្នុងចំណោមគ្រីបតូរូបិយប័ណ្ណដែលមានតម្លៃខ្ពស់បំផុត 20 នៅទូទាំងពិភពលោក។
អ្វីដែលគួរឱ្យកត់សម្គាល់ 80% នៃការផ្គត់ផ្គង់សរុបនៃកាក់មួយពាន់លានត្រូវបានរក្សាទុកដោយអង្គភាពកម្មសិទ្ធិរបស់ Trump ពីរគឺ CIC Digital LLC និង Fight Fight Fight LLC។ ហើយឃ្លាំងកាក់ដែលរក្សារទុកនេះបានធ្វើឱ្យកើនឡើងទ្រព្យសម្បត្តិសុទ្ធផ្ទាល់ខ្លួនសម្រាប់ Trump ដែលតាមការសន្មត់លើសពី 20 ពាន់លានដុល្លារ ។
ការចេញកាក់ $TRUMP បានលើកឡើងនូវក្ដីបារម្ភជាច្រើនទាក់ទងនឹងក្រមសីលធម៌និងឧស្សាហកម្មនៃវិស័យគ្រីបតូ។
អ្នករិះគន់បានចង្អុលបង្ហាញពីការប៉ះពាល់នូវផលប្រយោជន៍ដែលអាចកើតមាន ដោយសារឥទ្ធិពលជិតមកដល់របស់ប្រធានាធិបតីជាប់ឆ្នោត Trump លើបទប្បញ្ញត្តិគ្រីបតូ។
អ្នកវិភាគ បានរំលេចពីហានិភ័យនៃសហគ្រាសហិរញ្ញវត្ថុបែបនេះដោយប្រធានាធិបតីដែលកំពុងកាន់តំណែង ដោយលើកឡើងថាស្ថានភាពនេះអាចបង្ហាញពីការប៉ះពាល់ផលប្រយោជន៍ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិកសម័យទំនើប។
លើសពីនេះទៅទៀត ភាពងាយប្រែប្រួលដែលមាននៅក្នុងធម្មជាតិនៃប្រភេទកាក់ memecoins ដែលជាញឹកញាប់គ្មានគុណតម្លៃពិតប្រាកដ បានបង្កហានិភ័យដល់វិនិយោគិនជាឯកត្តបុគ្គល។
ការកើនឡើងដំបូងនៃតម្លៃ $TRUMP ត្រូវបានតាមពីក្រោយដោយការធ្លាក់ដាំក្បាលចុះទៅវិញនូវតម្លៃកាក់ប្រមាណជា 50% នៃចំណុចកំពូលរបស់វា។
ការប្រែប្រួលនេះបានរំលេចពីក្តីបារម្ភអំពីការរៀបចំទីផ្សារ និងសក្តានុពលនៃការខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើនក្នុងចំណោមវិនិយោគិនស្ទើរភ្លើងដែលមិនបានដឹងពីវិស័យនេះស៊ីជម្រៅ។
ខណៈពេលដែលអ្នកគាំទ្រមួយចំនួនមើលឃើញចលនានេះថាជាសញ្ញានៃជំហរគាំទ្រគ្រីបតូពីរដ្ឋបាលដែលនឹងចូលមកដល់ អ្នកផ្សេងទៀតបារម្ភថាវាអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទ្រព្យសកម្មឌីជីថលមានភាពស្របច្បាប់។
តួអង្គល្បីៗនៅក្នុងសហគមន៍គ្រីបតូបានសម្តែងការព្រួយបារម្ភថា ការធ្វើបែបនេះអាចត្រូវបានគេមើលឃើញថាគ្រាន់តែជាការចាប់យកសាច់ប្រាក់ដាក់ហោប៉ាវប៉ុណ្ណោះ ដែលអាចបង្អាក់ការវិនិយោគពីស្ថាប័នធំៗយ៉ាងធ្ងន់ធ្ងរ និងនាំឱ្យមានការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែតឹងរឹង។
ការចូលរួមរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងវិស័យគ្រីបតូជាមួយនឹងកាក់ $TRUMP memecoin មិនត្រឹមតែបណ្តាលឱ្យមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏ក្រាស់ក្រែលក្នុងរយៈពេល 24 ម៉ោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុកដែលរួមបញ្ចូលទាំងក្រមសីលធម៌ ស្ថិរភាពទីផ្សារ និងការត្រួតពិនិត្យបទប្បញ្ញត្តិ។