បើតាមលោក លឹម សង្វារ ស្ថាបនិកក្រុមហ៊ុន ArrowDot ប្រាប់ក្រុមការងារ Technology Cambodia ឱ្យដឹងថា សម្រាប់គម្រោងមួយនេះត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០២០ ដោយ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា People in Need Cambodia និងស្ថាប័នផ្សេងៗ។ ហើយក្រុមហ៊ុន ArrowDot បានដើរតួនាទីជាក្រុមហ៊ុនកូនខ្មែរ ទទួលខុសត្រូវលើការបង្កើតនិងថែមទាំទៅលើបច្ចេកវិទ្យាវាស់ទឹក (Early Warning System) នេះទាំងមូល។
ដោយឡែក សម្រាប់បច្ចេកវិទ្យាប្រព័ន្ធប្រកាសឪ្យដឹងមុននៅពេលមានទឹកជំនន់នេះ (Early Warning System) ប្រជាជនទូទាំងប្រទេសកម្ពុជាអាចធ្វើការប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការខលទៅលេខ ១២៩៤ និងបញ្ជាក់ពីតំបន់ដែលអ្នករស់នៅដើម្បីចុះឈ្មោះចូលក្នុងប្រព័ន្ធជាការស្រេច។ របៀបប្រើមួយបែបទៀត អ្នកក៏អាចធ្វើការតាមដានកំពស់ទឹកជំនន់ទូទាំងប្រទេសតាមវេបសាយ ews1294.com បានផងដែរ។ ហើយសម្រាប់តំបន់ដែលលោតពណ៌បៃតងគឺមានន័យថា ស្ថានភាពធម្មតា ហើយពណ៌ប្រផេះមានន័យថា ឧបករណ៍កំពុងតែជួសជុល ហើយប្រសិនបើចេញពណ៌ក្រហមមានន័យថាតំបន់នោះ មានទឹកឡើងខ្លាំងដល់ចំណុចប្រកាសអាសន្ន។
គួរជម្រាបផងដែរថា ប្រព័ន្ធប្រកាសឪ្យដឹងមុនរបស់កម្ពុជា (Early Warning System) ដែលអាចធ្វើការវាស់វែងកម្រិតកំពស់ទឹក នៅតាមតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេសកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយអង្គការ People in Need Cambodia និង ArrowDot ជាមួយនឹងដៃគូពាក់ព័ន្ធផ្សេងៗ ជាច្រើនទៀត។ ហើយសម្រាប់ព័ត៌មានបន្ថែមទៅលើប្រព័ន្ធប្រកាសឪ្យដឹងមុននេះ លោកអ្នកអាចធ្វើការចូលទៅកាន់ ហ្វេសប៊ុកផេក People in Need Cambodia ឬ EWS 1294 - Early Warning System។