ស្រួលហើយអ្នកប្រើឡានអគ្គិសនី! យុវជនខ្មែរបង្កើត App ពិសេសមួយ អាចតាមដានដឹងថាឡានបញ្ចូលបានប៉ុន្មានភាគរយ អស់ថ្លៃប៉ុន្មាន ទីតាំងទូសាក និងព័ត៌មានជាច្រើនទៀត
ផែន ផាន់ណា
•
SEPTEMBER 8 2023
•
ឌីជីថល
•
131 views
•
2 mins read
•

ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ដែលលើកទឹកចិត្តប្រជាជនងាកមកប្រើឡានអគ្គិសនីឱ្យបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ពេលនេះសន្ទុះនៃការប្រើឡានអគ្គិសនី ម៉ូតូនិងកង់ នៅក្នុងប្រទេសកម្ពុជាហាក់មានបន្ទុះកើនឡើងខ្លាំង បើធៀបកាលពី៥ឆ្នាំមុន។ ដោយសារការរីកចម្រើនលើវិស័យយានយន្តដំណើរការដោយប្រើប្រព័ន្ធអគ្គិសនីបែបនេះហើយ ទើបមានយុវជនខ្មែរម្នាក់ បានចំណាយពេលវេលាបង្កើត App ថ្មីមួយឈ្មោះ EV Energy Charging ដែលផ្ដោតសំខាន់ទៅលើការតាមដានព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការសាកថ្មឡាន ក្នុងប្រទេសកម្ពុជា។

លោកសា សុខគ្រី ជាវិស្វករបច្ចេកទេស និងជាអ្នកបង្កើត App EV Energy Charging បានប្រាប់ក្រុមការងារ Technology Cambodia ថា មូលហេតុដែលធ្វើឱ្យលោកបង្កើត App នេះឡើង ក៏ព្រោះតែបច្ចុប្បន្នលោកមានក្រុមហ៊ុននាំចូលទូសាកថ្មរថយន្តអគ្គិសនី ហើយលោកបានមើលឃើញពីកង្វះខាតនៅក្នុងស្រុកយើង គឺមិនទាន់មាន App ណាមួយ អាចប្រតិបត្តិការទៅលើព័ត៌មានទាក់ទិននឹងការបញ្ចូលថ្មឡាននេះទេ ពោលបើយើងត្រូវការបញ្ចូល គឺត្រូវ Call ទៅអ្នកកាន់ទូសាកនោះជាមុន។ មិនតែប៉ុណ្ណោះ ទូសាកថ្មជាច្រើនកន្លែង គឺបើកដំណើរការតែថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដូច្នេះហើយបញ្ហាទាំងនេះ វាអាចបង្កជាផលលំបាកមួយចំនួន ដល់អ្នកប្រើឡានអគ្គិសនីនៅខ្មែរយើង។

លោក សុខគ្រី បានបង្កត់ធ្ងន់ថា App EV Energy Charging “គឺផ្ដល់ភាពងាយស្រួលអ្នកប្រើច្រើន ទី១)​. វាអាចបង្ហាញទីតាំងបញ្ចូលថ្មយានយន្ត ឬ EV Station មាននៅទីណាខ្លះក្នុងប្រទេសកម្ពុជា។ ទី២).គឺយើងអាចបញ្ជា ឬ Remote វាពីចម្ងាយបាន ដោយយើងពុំចាំបាច់អង្គុយនៅក្បែរឡាន ចាំរហូតដល់ឡានពេញនោះទេ ដូច្នេះពេលយើងដាក់ឡានបញ្ចូលហើយ យើងទៅអង្គុយលេងនៅកន្លែងណាផ្សេង រួចបើក App ថា តើឡានរបស់យើងបានប៉ុន្មានភាគរយ: ចំណាយពេលប៉ុន្មាន អស់លុយប៉ុន្មានរៀល?

អ្វីដែលពិសេសមួយទៀតនោះ App EV Energy Chargin ក៏អាចជួយសម្រួលទៅដល់ការគិតប្រាក់ដែរ។ កន្លងមកអ្នកដែលសាកថ្មឡានអគ្គិសនី តែមានចម្ងល់ថា សាកថ្មតែបន្ដិចសោះ ហេតុអីអស់លុយច្រើន? ត្រង់ចំណុចនេះ នៅលើ App ក៏មានការគណនាជូនម្ចាស់រថយន្តច្បាស់ៗ និងអាចបញ្ហារបាយការណ៍ការបញ្ចូលរបស់យើងពីមុនៗ បានគ្រប់ពេលផងដែរ។”

លោកបានបន្ដថា “នៅក្នុង App នេះគឺយើងអាចប្រើភាសាខ្មែរ-អង់គ្លេសបាន​ និងមានតែប្រាក់រៀលរបស់ខ្មែរប៉ុណ្ណោះ សម្រាប់រូបិយបណ្ណ។ មួយវិញទៀត អ្នកប្រើប្រាស់អាចបញ្ចូលលុយទៅក្នុង App បានគ្រប់ធនាគារទាំងអស់តាមរយ: KHQRCode យ៉ាងងាយស្រួល និងលឿនរហ័ស (មានមុខងារសម្រាប់ Visa Card ដូចគ្នា)។ សម្រាប់ការភ្ជាប់វិញ គឺលោកអ្នកត្រូវភ្ជាប់ App ខាងលើនេះ ជាមួយទូសាកថ្មរថយន្ត លោកលោកអ្នកនឹងអាចតាមដានព័ត៌មានដូចខ្ញុំបានជម្រាបជូនខាងលើ។”

គួរជម្រាបផងដែរថា App EV Energy Chargin គឺមានទាំងនៅលើ App Store និង Play Store សម្រាប់បច្ចុប្បន្ននេះ លោកសុខគ្រី កំពុងបញ្ចូលទីតាំងថ្មីៗបន្ថែម ឱ្យបានទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ឡានអគ្គិសនី៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia