ឆាប់ៗនេះ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យប្រើប្រាស់តុលាការឌីជីថល ឬ E-Court ដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាវិវាទផ្សេងៗនៅក្នុងប្រព័ន្ធតុលាការ ខណៈបច្ចេកវិទ្យាទំនើបនេះ អនុញ្ញាតឱ្យពលរដ្ឋអាចតាមដានរឿងក្ដីរបស់ខ្លួនតាមទូរស័ព្ទ ឬប្រព័ន្ធកុំព្យូទ័របានងាយស្រួលជាងមុន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងយុត្តិធម៌” របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ឯកឧត្ដម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានមានប្រសាសន៍ថា “យើងកំពុងអនុវត្តន៍សាកល្បងតុលាការអេឡិចត្រូនិក ឬតុលាការឌីជីថលមួយ ដែលវាគឺជាទំនើបបកម្ម។ ឯកឧត្ដមបន្តថា ក្នុងសម័យទំនើបនេះ អ្វីដែលអាចប្រើម៉ាស៊ីន ជំនួសមនុស្សបាន គឺគួរតែប្រើម៉ាស៊ីន ព្រោះវាមានសុវត្ថិភាព និងចំណាយថវិកាតិច។
ឥឡូវនេះយើងចាប់ផ្ដើមគ្រប់គ្រងសំណុំរឿងដោយប្រើប្រព័ន្ធកុំព្យូទ័រ ដែលអាចគ្រង់គ្រងទិន្នន័យបាន វិភាគទិន្នន័យបាន ទាន់ពេលវេលា ហើយប្រជាពលរដ្ឋអាចតាមដានរឿងក្ដីរបស់គាត់បានគ្រប់វិនាទី គ្រប់ទីកន្លែង។ បន្តិចទៀតយើងនឹងដាក់ឱ្យប្រជាពលរដ្ឋ ជាពិសេសគឺភាគីពាក់ព័ន្ធ បូករួមទាំងមេធាវី មានសិទ្ធិតាមដានរឿងក្ដីរបស់គាត់តាមប្រព័ន្ធ E-Court ពីចម្ងាយបាន ដើម្បីដឹងថារឿងក្ដីដែលខ្លួនបានដាក់កន្លងមក ដំណើរការដល់ណាហើយ។
ឯកឧត្ដមបានគូសបញ្ជាក់ថា យើងអាចប្រើតុលាការឌីជីថល នៅពេលដែលយើងមានទិន្នន័យ ឬសំណុំរឿងនៅក្នុងប្រព័ន្ធច្រើនបំផុត។ មួយទៀត ពេលដែលប្រព័ន្ធដាក់ឱ្យដំណើរការ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹងតាមប្រពន្ធ E-Court នេះបាន។ អ្វីដែលពិសេសនោះ ក្រសួងក៏គ្រោងនឹងធ្វើសាវនាការអេឡិចត្រូនិក ដែលអាចឱ្យ ដើម្បីកាត់បន្ថយការចំណាយថវិកាបានផងដែរ។"
គូសបញ្ជាក់ថា ប្រព័ន្ធនេះគឺកំពុងស្ថិតក្នុងការដាក់ឱ្យសាកល្បងនៅឡើយ ដោយពុំទាន់អនុញ្ញាតឱ្យប្រើប្រាស់១០០%នោះទេ។
អត្ថបទដោយ៖ ផែន ផាន់ណា