ជំរាបជូនដល់បងប្អូនទាំងអស់ដែលកំពុងតែមានបណ្ណបើកបរក្នុងដៃថា ដើមឆ្នាំ២០២៣ នេះ កម្មវិធីដកពិន្ទុបណ្ណបើកបរ ចាប់ផ្តើមរឹតបន្តឹងកាន់តែខ្លាំងហើយ ដោយអំឡុងពេលត្រឹមតែ ៤ខែប៉ុណ្ណោះ មានបណ្ណបើកបរប្រមាណ ២៣០១៥បណ្ណ ត្រូវបានដកពិន្ទុ។
យោងតាមការចេញផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីសេចក្តីជូនដំណឹងរបស់ គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរពេញលេញ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងដាក់ឱ្យដំណើរការអនុវត្តពេញលេញជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នេះតទៅ។
ទន្ទឹមនឹងនេះផងដែរ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីនេះបានដាក់ឱ្យដំណើរការអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួន ដែលគិតមកទល់ពេលនេះមានរយៈពេល ៤ខែ និងមានបណ្ណបើកបរប្រមាណ ២៣ ០១៥បណ្ណ ត្រូវបានដកពិន្ទុ។
អាស្រ័យហេតុនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងធ្វើដំណើរប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់រវាងគ្នា ដើម្បីអាចទទួលបាននូវសុខសុវត្ថិភាពល្អក្នុងការធ្វើដំណើរ៕