រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលា TIA International School និង Harrods International Academy
ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅប្រទេសកម្ពុជា។
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii, អ្នកនាង Mulder Tracey Michelle នាយករងនៃសាលា TIA International School, និងលោក Ban Kab, Business Development Manager នៃសាលា Harrod International Academy សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមអ្នកតំណាងក្រុមហ៊ុនទាំងបីជាច្រើនរូប។
លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវសូមអោយតម្លៃយ៉ាងខ្ពស់លើការ ភ្ជាប់ភាពជាដៃគូជាមួយស្ថាប័នអប់រំតាមរយៈការផ្ដល់ជូនឱកាសកម្សាន្តពិសេសៗដល់ប្អូនៗសិស្សានុសិស្សតាមរយៈការបញ្ចុះតម្លៃលើថ្លៃសំបុត្រ ការចូលរួមរៀបចំកម្មវិធីអប់រំក្នុងបរិវេណ Doozii និងការផ្ដល់ជូនជាច្រើនទៀត។ ការចុះអនុស្សារណៈយោគយល់គ្នា នេះដែរសបញ្ជាក់ពីការយកចិត្តទុកដក់ របស់គណៈគ្រប់គ្រងដែលអាចជួយជម្រុញដល់ភាពក្លាហាន និងសមត្ថភាពនៃការគិតរបស់កូនៗសិស្សានុសិស្ស។ ដោយភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយ ចង់អភិវឌ្ឍន៍ធនធានមនុស្សអោយមានភាពឈ្លាសវៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់នេះ នឹងសំដៅជាធ្លុងមួយក្នុងការផ្ដល់ឱកាសកម្សាន្តអប់រំដល់ប្អូនៗសិស្សានុសិស្សបន្ថែមពី ការអប់រំ ក្នុងថ្នាក់ដោយលោកគ្រូ អ្នកគ្រូ និង សាលារៀន។
គួរបញ្ជាក់ផងដែរថា មណ្ឌលកម្សាន្តកុមារ Doozii និង Super Doozii ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យដើម្បីជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។ ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីអោយ Doozii ក្លាយជាមណ្ឌលកម្សាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធកម្សាន្តនិងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ។ ។ តាមរយះការជឿទុកចិត្ត និងគាំទ្ររបស់មាតា បិតា កុមារ កន្លងមក មជ្ឈមណ្ឌលកម្សាន្តកុមារ នេះ បានអភិវឌ្ឍន៍ខ្លួនជា ២ ទីតាំង គឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង Super Doozii នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។
ការពង្រីកខ្លួនរបស់ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ទៅកាន់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតា និងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើប ទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ៕