អនាគតកម្ពុជាទំនើប! អ្នកជំនាញឌីជីថលនិងប្លុកឆែន ប្ដេជ្ញាចិត្តធ្វើឱ្យកម្ពុជានាំមុខគេលើបច្ចេកវិទ្យានេះ
ផែន ផាន់ណា
JANUARY 6 2022
ឌីជីថល
3.2 K views
2 mins read

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឱ្យដឹងថា អ្នកជំនាញបច្ចេកវិទ្យាឌីជីថល និងប្លុកឆែន (Blockchain) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញឱ្យកម្ពុជា​ក្លាយ​ជាប្រទេសមួយនាំមុខគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើបច្ចេកវិទ្យាថ្មីនេះ។ នេះបើតាមការបញ្ជាក់​នៅក្នុង​សន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រារាជធានីភ្នំពេញ។

លោក Kang Jaeho អគ្គនាយកក្រុមហ៊ុន W&K បានបញ្ជាក់​ពី​ទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការ​ផ្ដល់ជូននូវសេវាកម្មបែបបច្ចេកវិទ្យាសម័យ​ទំនើប ជាពិសេស​គឺបច្ចេកវិទ្យាប្លុកឆែន និង​សេវាកម្ម​​ដែល​ពាក់ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កើនចំណេះដឹង និងជីវភាពប្រចាំថ្ងៃរបស់គាត់។ លោកបន្ដថា តាមរយៈចក្ខុវិស័យនេះ ក្រុមហ៊ុនមានបេសកកម្មស្នូលចំនួន៣សំខាន់ៗគឺ ៖ ១. ផ្ដល់នូវ​ផលិតផល និងសេវាកម្មដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យបានទាន់ពេលវេលា។ ២. ផ្តោត​លើការអភិវឌ្ឍចំណេះដឹង ដើម្បីរួមចំណែកអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ថ្មី (ប្លុកឆែន) តាមរយៈការ​សិក្សា​ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយ ចែករំលែកដល់ប្រជាជនកម្ពុជា សម្រាប់ជួយសហគមន៍​ឱ្យមាន​ជីវភាព​ប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គម។ ទី៣. សមាហរណកម្មបច្ចេកវិទ្យា​ ចូលរួមជាមួយរាជរដ្ឋាភិ​បាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល នៅកម្ពុជាឱ្យមានភាព​រីកចម្រើន និងផ្សារភ្ជាប់កម្ពុជា​ទៅកាន់ពិភពលោក តាមរយៈការផ្សព្វផ្សាយ និងការធ្វើ​សមាហរណ​កម្មបច្ចេកវិទ្យាយុគសម័យឌីជីថល ៤.០ លើឆាកអន្ដរជាតិ។

លោកអគ្គនាយកបន្ថែមថា  គោលបំណងរបស់W&K មិនត្រឹមតែជាការវិនិយោគបែបក្រុមហ៊ុន​ប៉ុណ្ណោះទេ ប៉ុន្ដែគឺចង់ជំរុញវិស័យបច្ចេកវិទ្យាប្លុកឆែនដល់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយ​ជាប្រទេសឈាន​មុខ មានសេដ្ឋកិច្ចបែបឌីជីថល និងជាអ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដល់បណ្ដា​ប្រទេសនានាក្នុងតំបន់ ឬក៏​ទៅ​ដល់ពិភពលោកតែម្ដង។

លោក Na JeongsiK ប្រធានសមាគមប្លុកឆែនរបស់ប្រទេសកូរ៉េ និងជាប្រធានផ្នែកបច្ចេកវិទ្យា​នៃក្រុមហ៊ុន​​W&K បានលើកឡើងដែរថា បច្ចេកវិទ្យា​ Blockchain មិនត្រឹមតែ​ជា​បច្ចេកវិទ្យាបង្កើត​ឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដរបស់​រូបិយប័ណ្ណ​ឌីជីថល​ Bitcoin ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​បញ្ជី​គណនេយ្យ​មួយ ដែល​មាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ​មិន​អាច​កែប្រែបាននោះទេ ប៉ុន្ដែជា​ខ្សែស្រឡាយ​បណ្តុំ​ព័ត៌មានប្រទាក់​ក្រឡា​គ្នា នៅ​ក្នុង​សំណុំ​កុំព្យូទ័រ​ ដែលអនុញ្ញាតឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​បញ្ជី​ទិន្នន័យ​នៃ​កុំព្យូទ័រ ដោយ​អ្នក​ប្រើប្រាស់​ពី​ម្នាក់​ទៅ​ម្នាក់ ដែលអាចផ្ទុកទិន្នន័យបានធំ និងមានសុវត្ថិភាពខ្ពស់។ លោកបានលើកឡើងថា បច្ចេកវិទ្យា Blockchain អាច​ប្រើ​ដើម្បី​បញ្ជាក់លម្អិត​ការ​ធ្វើ​បញ្ជី​គណនេយ្យ​នៅ​គ្រប់​ទម្រង់​ណា​មួយ ដែល​មាន​លើស​ពី​រូបិយប័ណ្ណ​​ឌីជីថល​ទៅ​ទៀត។ ទន្ទឹមនេះ ក្នុងការចូលរួមក្នុង​ដំណើរការបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ប្រសិនណាបើយើងអាចចាប់ផ្ដើមមុនគេ គេការចាប់​យក​បច្ចេក​វិទ្យាទាំងនេះ ជាពិសេសបច្ចេកវិទ្យា​Blockchain នោះយើងនឹងមានឱកាសទទួល​បាននូវចំណែក​ទីផ្សារ​ដ៏ធំចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃបដិវត្ដន៍ឧស្សាហកម្មទី ៤ ជា​សម័យ​បច្ចេកវិទ្យាឌីជីថល ដែលមានភាពទំនើប និងស្មុគ្រស្មាញ ប៉ុន្ដែមានគុណភាពល្អលើស​បច្ចេក​វិទ្យាជំនាន់មុនៗ ដូចជាបច្ចេកវិទ្យាAI Fintech និងបច្ចេកវិទ្យា Blockchain ជាដើម។ ថ្វីត្បិត​តែកម្ពុជា​កំពុងមានភាពជឿនលឿនផ្នែកបច្ចេក​វិទ្យាព័ត៌មាន​វិទ្យាក៏ពិត​មែន ប៉ុន្តែពុំទាន់មានបច្ចេកវិទ្យាBlockchain នៅឡើយនោះទេដោយក្រុមហ៊ុន W&K កំពុងដំណើរនៅកម្ពុជាលើបច្ចេកវិទ្យាថ្មីនេះ​បានប្រមាណកន្លះ​ឆ្នាំ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia