បច្ចុប្បន្ននេះទំនើបកម្មបានធ្វើឱ្យមនុស្ស ប្រើប្រាស់របស់ល្អៗ ទាន់សម័យពីមួយជំនាន់ ទៅមួយជំនាន់។ យ៉ាងណាមិញក៏មានគ្រឿងអេឡិចត្រូនិកចាស់ៗជាច្រើន ដែលត្រូវបានគេបោះបង់ចោល តួរយ៉ាងដូចជាកុំព្យូទ័រ ទូរទស្សន៍ និងទូរស័ព្ទជាដើម។ គ្រឿងអេឡិចត្រូនិកខ្លះ វាបានផ្ដល់អនុស្សាវរីយជាច្រើនដល់មនុស្ស រហូតមិនអាចបំភ្លេចបាន។
ហេតុផលទាំងអស់នេះហើយ ទើបបណ្ដាលចិត្តឱ្យលោក អ៉ិន មាន សុខចិត្តលះបង់កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនដើរប្រមូលទិញកុំព្យូទ័រ និងកម្មវិធី(Software) ចាស់ៗ ព្រមទាំងរូបថត និងប្រវត្តិរឿងរ៉ាវដំបូងៗកាលពីម៉ាស៊ីនកុំព្យូទ័រចូលមកដល់ស្រុកខ្មែរ។
ថ្លែងប្រាប់ក្រុមការងារ Technology Cambodia លោក អ៉ិន មាន បានឱ្យដឹងថា ពីមួយថ្ងៃ ទៅមួយថ្ងៃ កុំព្យទ័រកាន់តែមានភាពទំនើបជាលំដាប់ ប៉ុន្តែបើយើងក្រឡែកទៅមើលអតីតកាលវិញ នៅស្រុកខ្មែរយើងមានប្រភេទកុំព្យូទ័រនិងកម្មវិធី ឬ Software ចាស់ៗជាច្រើន ដែលវាបានផ្សាភ្ជាប់នូវអនុស្សាវរីយរបស់យើងម្នាក់ៗ តួយ៉ាងដូចជាកម្មវិធីសរសេរអក្សរខ្មែរមុនគេបង្អស់ ដោយកាលនោះ គឺមិនទាន់លេចចេញ វត្តមានរបស់ Microsoft Windows នៅឡើយទេ ប៉ុន្តែគួរឱ្យសោកស្ដាយ ព្រោះពេលនេះ កម្មវីធីសរសេរអក្សរខ្មែរដំបូងគេបានបាត់បង់ទាំងស្រុងហើយ មិនអាចរកឃើញទៀតទេ។
លោក អ៉ីន មាន បានបន្តទៀតថា មិនត្រឹមតែបាត់បង់ប៉ុណ្ណោះទេ ពេលខ្លះសូម្បីតែវីរៈបុរសដែលជាអ្នកចូលរួមចំណែក ក្នុងការបង្កើត Font Khmer ដំបូងគេ ដូចជា Limon ឬ ABC ជាដើម ក៏គេស្ទើរតែបំភ្លេចឈ្មោះអស់ដែរ។ ដូច្នេះហើយទាមទារឱ្យយើង ត្រូវតែថែរក្សា ការពារ ប្រវត្តិទាំងអស់ហ្នឹង កុំឱ្យបាត់បង់។ ម៉្យាងវិញទៀតបើយើងនាំគ្នា ទទួលស្គាល់នូវស្នាដៃ ឬវីរៈភាព របស់អ្នកបង្កើតចាស់ៗ វាក៏ជាចលករជម្រុញឱ្យមានការកកើតរបស់ថ្មីៗដែរ។
ចំណុចមួយទៀតដែលលោក អ៉ិន មាន ចង់បង្ហាញនោះគឺ ដំណើរការរបស់កុំព្យូទ័រ ត្បិតថាយុវជនសម័យនេះប្រើកុំព្យូទ័រទំនើបៗក៏ពិតមែន ប៉ុន្តែពួកគេមានបានដឹងដំណើរការ តាំងពីបង្កើតកុំព្យូទ័រដំបូងៗ រហូតដល់បច្ចុប្បន្ននេះឡើយ។ អញ្ចឹងហើយទើបយើងចង់ពន្យល់ពីដំណើរការនេះ ទៅកាន់យុវជន ដើម្បីឱ្យពួកគេយល់ដឹងពី ភាពពិតរបស់កុំព្យូទ័រ ថាវាកកើតដោយរបៀបណា។
មិនត្រឹមតែកុំព្យូទ័រឬកម្មវិធីចាស់ៗទេ លោក អ៊ិន មាន ក៏គ្រោងនឹងប្រមែប្រមូលនូវអនុស្សាវរីយចាស់ៗ ដូចជាសាលាបង្រៀនកុំព្យូទ័រមុនគេបង្អស់, ហាងកុំព្យូទ័រចាស់ៗ, កុំព្យូទ័រដែលចូលមកស្រុកខ្មែរប្រភេទ AT System ដំបូងគេបង្អស់, Software របស់ខ្មែរមុនគេបង្អស់, គ្រូបង្រៀនកុំព្យូទ័រដែលល្បីជាងគេ, និងអ្នកបង្កើតស្នាដៃសំខាន់ៗរបស់ខ្មែរជាច្រើនរូបទៀត ដែលទាំងនេះហើយ គឺយើងនឹងដាក់បង្ហាញនៅក្នុងសារមន្ទីរកុំព្យូទ័រកម្ពុជា។
បន្ថែមពីលើនេះលោក អ៊ិន មាន បានបញ្ជាក់ថា ពេលនេះលោកកំពុងរៃអង្គាសប្រាស់ខ្លះៗ សម្រាប់សាងសង់សារមន្ទីរនេះ ប៉ុន្តែទោះបីជាបានឬអត់ ក៏លោកនឹងចាប់ផ្ដើមដំណើរការសាងសង់នៅខែមីនាខាងមុខនេះដែរ។ សំណង់មួយនេះនឹងត្រូវធ្វើឡើងលើទំហំផ្ទៃដី ៧ម៉ែត្រ x ១៥ ម៉ែត្រ លើទឹកដីរមណីយដ្ឋានរាជនីលង្វែក ស្ថិតនៅក្នុងស្រុកកំពង់លួង ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ ៣៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតែប៉ុណ្ណោះ។
សរុបជារួមមក មូលហេតុដែលលោក អ៉ីន មាន សាងសង់សារមន្ទីររកុំព្យូទ័រកម្ពុជានេះឡើង ទី១).គឺដើម្បីបង្ហាញទៅកាន់អ្នកទស្សនាឱ្យបានដឹង អំពីប្រវត្តិកកើតនៃកុំព្យូទ័រ ទី២).គឺដើម្បីរំលឹកអនុស្សាវរីយដំបូងៗរបស់កុំព្យទ័រនៅកម្ពុជា ដូចជាសាលាកុំព្យូទ័រដំបូង ប្រភេទកុំព្យូទ័រដំបូង និងរូបថតអនុស្សាវរីយជាច្រើនទៀត, ទី៣).គឺលោកនឹងប្រមែប្រមូលSoftware ចាស់ៗ ដែលខ្មែរយើងប្រើពីដំបូង ដើម្បីបង្ហាញទៅកាន់អ្នកមិនធ្លាប់បានប្រើ និងមិនធ្លាប់បានដឹង ចុងក្រោយគឺទី៤). លោកចង់ឱ្យសារមន្ទីររកុំព្យូទ័រកម្ពុជានេះ ជាកន្លែងទទួលស្គាល់ស្នាដៃ របស់ខ្មែរយើងទាំងចាស់ទាំងថ្មី រហូតដល់អនាគតកាល និងធ្វើការផ្សព្វផ្សាយ ដាក់បង្ហាញស្នាដៃបង្កើតឡើងដោយខ្មែរទាំងអស់។
អត្ថបទដោយ៖ ផែន ផាន់ណា