មិនទាន់ផុតឆមាសទី១ផង រថយន្តថ្មីៗដែលកំពុងដាក់លក់នៅស្រុកខ្មែរនាំគ្នាធ្លាក់ថ្លៃខ្ទង់រាប់ពាន់ដុល្លារ មានរថយន្តខ្លះធ្លាក់តម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារក៏មានដែរ ហើយពពួករថយន្តទាំងនោះសុទ្ធតែស៊េរីថ្មី និងកំពុងតែមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ ខាងក្រោមនេះជារថយន្តទាំង ៥ម៉ូដែល មកពីក្រុមហ៊ុនផ្សេងៗពីគ្នា ដែលកំពុងធ្លាក់ថ្លៃយ៉ាងគំហុក មានដូចជា៖
1. Kia Sorento
ក្នុងចំណោមរថយន្តរបស់ក្រុមហ៊ុន Kia មានរថយន្តមួយម៉ូដែល កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង តែត្រូវបានធ្លាក់ថ្លៃ រហូតដល់ ១០៩៩ដុល្លារ គឺ Kia Sorento ដោយតម្លៃកាលពីចេញលក់ដំបូង ៧៧ ៩៩៩ដុល្លារ ចុះមកនៅ ៦៧ ៩០០ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីនេះ ក្រុមហ៊ុន Kia ក៏មានម៉ូដែល Picato, Sonet, Seltos ក៏មានការធ្លាក់ថ្លៃដែរ ។
2. Ssangyong Torres
The All-New SsangYong Torres ត្រូវបានក្រុមហ៊ុន SsangYong Cambodia ធ្វើការបញ្ចុះតម្លៃ ១០០០ដុល្លារ ដោយតម្លៃដើមរបស់រថយន្តនេះ គឺ ៤៣៩០០ដុល្លារ ចុះមកសល់ ៤៣៩០០ដុល្លារ។ គួរជំរាបថា SsangYong Torres គឺជារថយន្ត SUV ដែលត្រូវបានកែប្រែរូបរាងថ្មី និងមានបំពាក់បច្ចេកវិទ្យាទំនើបៗ ផងដែរ។
3. Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ ជាកំពូលរថយន្តភីបអាប់ដែលពេញនិយមខ្លាំងសម្រាប់ប្រជាជនខ្មែរ ជាពិសេសមិនថាអ្នករស់នៅទីក្រុង ឬជនបទឡើយ គឺសុទ្ធសឹងតែត្រូវស្នេហ៍ របស់រថយន្តមួយម៉ូដែលនេះគ្រប់ៗគ្នា ហើយរថយន្តនេះដែរត្រូវបាន Ford បញ្ចុះតម្លៃរហូតដល់ ២៦០០ដុល្លារ ឯណោះ សម្រាប់តម្លៃដើម គឹ ៥៨៥០០ដុល្លារ ចុះមកសល់ត្រឹមតែ ៥៥៩០០ដុល្លារ។
4. Land Rover Defender 130 S
Range Rover Defender 130 S គឺអ្នកលេងលើវាល់ខ្សាច់សម្រាប់នៅប្រទេសអារ៉ាប់ ប៉ុន្តែនៅកម្ពុជា ជាកំពូលរថយន្តដើរព្រៃ ផ្សងព្រេង ។ ចំពោះ Defender 130 S ត្រូវបានក្រុមហ៊ុន Jagaur Land Rover Cambodia បញ្ចុះតម្លៃដល់ទៅ ២ម៉ឺនដុល្លារ ឯណោះ ដោយតម្លៃដើម គឺ ២៥ម៉ឺនដុល្លារ ចុះមកសល់ត្រឹមតែ ២៣ម៉ឺនដុល្លារ។
5. Ram 1500
Ram 1500 ជាកំពូលរថយន្តភីបអាប់មួយដែលកំពុងតែប្រកួតប្រជែងគ្នាជាមួយនឹង Ford Ranger Rapter ហើយរថយន្តនេះដែរ ពេញនិយមខ្លាំងនៅខាងប៉ែកអឺរ៉ុប ក៏ដូចជានៅប្រទេសអារ៉ាប់ផងដែរ។ Ram 1500 មាន Optionច្រើនក្នុងការជ្រើសរើស ដូចជា Rebel Crew Cab, Limited Longhorn Crew Cab, TRX Crew Cab, TRX Sandblast Edition ។ ក្នុងចំណោមជម្រើសទាំង ៤ គឺ RAM 1500 Rebel Crew Cab មានតម្លៃដើមទាបជាងគេ ៩៩៩០០០ដុល្លារ។ ដោយខាង Ram Truck Cambodia បានធ្វើការបញ្ចុះតម្លៃគ្រប់ option ទាំងអស់ គឺ ២៩៩០០ដុល្លារ ដូច្នេះសម្រាប់ គឺ RAM 1500 Rebel Crew Cab ត្រូវបានបញ្ចុះតម្លៃមកសល់ត្រឹម ៧៧០០០ដុល្លារ។
អត្ថបទ៖ ព្រឹម ភក្តី