អស្ចារ្យមែន! ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ទទួលបានជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យា បើកចំហកូដ ប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២
Sakada Techie
DECEMBER 6 2022
អាជីវកម្ម 4.0
280 views
3 mins read

នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២, ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ។ នេះគឺជាពានរង្វាន់អន្តរជាតិទី ១ ដែលកម្ពុជាទទួលបានសម្រាប់ថ្នាល CamDX បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ថ្នាលនេះ ឱ្យដំណើរការបានរយៈពេលជាង ២ ឆ្នាំ កន្លងមក ។ 

ពានរង្វាន់អនាគតនៃរដ្ឋាភិបាល គឺជាកម្មវិធីលើកទឹកចិត្តដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់  រដ្ឋាភិបាលដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ពានរង្វាន់នេះ មានគោល-បំណងសំដៅដល់ការលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ ក្នុងប្រព័ន្ធបច្ចេកវិទ្យារបស់រដ្ឋាភិបាល ដែលជះផលជាវិជ្ជមានដល់សង្គមជាតិតាមរយៈការផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សូមចូលទៅកាន់គេហទំព័រ https://futureofgovernment.com/ សម្រាប់ព័ត៌មានបន្ថែមលើពានរង្វាន់អនាគតនៃរដ្ឋាភិបាល ។

ក្នុងការទទួលបានជ័យលាភីខាងលើ, ថ្នាល CamDX របស់កម្ពុជាស្ថិតក្នុងចំណោមគម្រោង ១០ មកពីប្រទេសចំនួន ៨ ដែលបានសម្រាំងរួច (Shortlisted) រួមមាន កាណាដា, ចក្រភពអង់គ្លេស, អាហ្វ្រិកខាងត្បូង, ប៉ាគីស្ថាន, ហ្គីនេបីសោវ (Guinea-Bissau), អាហ្សង់ទីន, ហ្វីលីពីន និង សាធារណរដ្ឋបេនីន (Benin) ។ ការវាយតម្លៃត្រូវឆ្លងកាត់ការដាក់ពិន្ទុរបស់គណៈកម្មការចំនួន ១៧ រូប មកពីប្រទេសផ្សេងៗគ្នា និងមានបទពិសោធន៍ក្នុងការងាររដ្ឋាភិបាល និងបច្ចេកវិទ្យាជាច្រើនឆ្នាំ។ ការទទួលបានជ័យលាភី តាមរយៈការឆ្លងកាត់ការវាយតម្លៃដ៏ម៉ត់ចត់នេះ ជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ជាពិសេសក្នុងដំណើររបស់កម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលជារបៀបវារៈនៃការអភិវឌ្ឍរបស់ជាតិ តាមរយៈការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ 

ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ដោយ មជ្ឈមណ្ឌល បណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រព័ន្ធអេកូឡូស៊ីរស់រវើកមួយ ដែលផ្គុំឡើងដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចូលរួម និងមានអន្តរប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យរវាងគ្នានិងគ្នា ដោយក្រសួង-ស្ថាប័ននីមួយៗមានភាពជាម្ចាស់ពេញបរិបូណ៌លើប្រព័ន្ធដែលថ្ពក់ចូល និងទិន្នន័យដែលផ្លាស់ប្តូរតាមថ្នាល CamDX នេះ ។ គោលបំណងនៃការអភិវឌ្ឍថ្នាល CamDX ដែលយកគំរូតាម X-Road  របស់ប្រទេសអេស្តូនី ហើយដែលត្រូវបានគេចាត់ទុកថាជាគំរូនិម្មាបនកម្ម (Architecture) ដ៏សមស្របបំផុតក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋ គឺនឹងធ្វើឱ្យកាន់តែប្រសើរ និងមានទំនុកចិត្តកាន់តែខ្ពស់ ពីវិស័យសាធារណៈ និងវិស័យឯកជនលើការថ្ពក់ចូលមកកាន់ថ្នាល CamDX នេះ សំដៅដល់ការផ្ដល់សេវាពាក់ព័ន្ធនានាជូនសាធារណជន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ បច្ចុប្បន្ន, ថ្នាល CamDX មានប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Online Business Registration- OBR) ជាសេវាសាធារណៈចំបង និងប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System- GTAS) ដែលផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាលនេះ ។

កន្លងទៅ, ថ្នាលនេះក៏បានរួមចំណែកជាឆ្អឹងខ្នងនៃការផ្លាស់ប្ដូរទិន្នន័យរវាងក្រសួង-ស្ថាប័នសម្រាប់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចេញលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់ធុរ-ជនដែលមានបំណងធ្វើដំណើរមកកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងរបស់ជំងឺកូវីដ-១៩ ផងដែរ។ ប៉ុន្តែប្រព័ន្ធនេះក៏ត្រូវបានផ្អាកដំណើរការទៅវិញ ដោយសារភាពប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩។

គិតចាប់ពីពេលដាក់ដំណើរការ មកទល់ពេលនេះ, ចំនួនប្រតិបត្តិការសរុបនៅលើថ្នាល CamDX មានប្រមាណ ១៣ លាន ប្រតិបត្តិការ ដោយនៅក្នុងឆ្នាំដំបូងមានត្រឹមតែ ៤.៧៦លាន ប្រតិបត្តិការតែប៉ុណ្ណោះ ។ ស្ថិតិប្រតិបត្តិការ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការចូលរួមផ្លាស់ប្តូរទិន្នន័យពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលថ្មីៗនេះ ក៏មានពីវិស័យឯកជនជាដៃគូចូលរួមជាហូរហែរផងដែរ ។ បច្ចុប្បន្ន, ស្ថាប័នមួយចំនួនទាំងក្នុងវិស័យសាធារណៈ និងឯកជន បាននិងកំពុងចូលរួមជាសមាជិក និងធ្វើប្រតិបត្តិការផ្លាស់ប្តូរទិន្នន័យនៅលើថ្នាលនេះ  ដែលក្នុងនោះមាន ២ ស្ថាប័ន មកពីវិស័យឯកជន ។ បន្ថែមលើនេះ, សាធារណជនក៏អាចចូលទៅកាន់គេហទំព័រ https://camdx.gov.kh/ ដើម្បីស្វែងយល់បន្ថែមអំពីថ្នាលគ្រឹះឌីជីថលដ៏សំខាន់មួយនេះរបស់កម្ពុជា ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia