បច្ចុប្បន្ននេះអាជីវកម្មនៅលើអនឡាញកំពុងកើតឡើងព្រោងព្រាត ស្របពេលតម្រូវការរបស់មនុស្ស មានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ ការបង្កើត App ឬគេហទំព័រសម្រាប់ធ្វើអាជីវកម្ម ឬលក់ដូរផលិតផលផ្សេងៗ ក៏កំពុងតែប្រទាក់ក្រឡាគ្នាខ្លាំងណាស់ដែរ ទាំងផ្លែតហ្វមមកពីក្រៅប្រទេស និងផ្លែតហ្វមនៅក្នុងស្រុក។
កន្លងមកក្រុមការងារចាបខៀវ ធ្លាប់ទទួលបានសំណួរជាច្រើន ទាក់ទងនឹងការចុះបញ្ជីអាជីវកម្ម ដោយមានអ្នកសួរថា ពួកគេមានគំនិតចង់បង្កើត App សម្រាប់លក់ផលិតផល តើតម្រូវឱ្យចុះបញ្ជីនៅក្រសួងដែរឬទេ?
សម្រាប់សំណួរនេះ ក្រុមការងារចាបខៀវបានសួរនាំទៅកាន់អ្នកជំនាញរួចហើយដែរ គឺលោកគង់ គឹមសុផាត ដែលលោកគឺជា CEO ក្រុមហ៊ុន making it easy cambodia និងជាទីប្រឹក្សាផ្នែកអាជីវកម្មនៅកម្ពុជា ជំនាញទៅលើការចុះបញ្ជីក្រុមហ៊ុនថ្មីពីដើមដល់ចប់ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងជាអ្នកមានបទពិសោធន៍៧ឆ្នាំលើការចុះបញ្ជីនេះ។ លោកសុផាត បានឱ្យក្រុមការងារយើងដឹងថា “បើតាមច្បាប់ពាណិជ្ជកម្មនៅកម្ពុជា មិនថាអ្នកលក់អនឡាញនៅផ្ទះ នៅហាង ឬនៅក្រុមហ៊ុន ឱ្យតែមានការលក់ គឺត្រូវតែចុះបញ្ជីទាំងអស់ ឱ្យតែការលក់អនឡាញនោះ មានសកម្មភាពឬប្រតិបត្តិការអាជីវកម្មចាប់ពី១៥ថ្ងៃឡើងទៅ ដូច្នេះប្រសិនបើអ្នកបង្កើត App ឬគេហទំព័រដើម្បីធ្វើអាជីវកម្មពិតណាស់គឺតម្រូវឱ្យទៅចុះបញ្ជី។”
លោកក៏បានបន្តទៀតថា ដូចដែលយើងឃើញស្រាប់ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលក់អនឡាញដែលមិនបានទៅចុះបញ្ជីសុំអាជ្ញាបណ្ណ ត្រូវទៅស្នើសុំអាជ្ញាបណ្ណនៅក្រសួងពាណិជ្ជកម្ម។ ការធ្វើបែបនេះ ព្រោះក្រសួងចង់ប្រមូលទិន្នន័យសម្រាប់អ្នកដែលមានប្រតិបត្តិការអាជីវកម្ម ដែលត្រូវចុះបញ្ជីបង់ពន្ធ និងអ្នកចុះបញ្ជីតែអត់ទាន់បង់ពន្ធជាដើម។ យ៉ាងណាមិញពេលចុះបញ្ជីរួច ក្រសួងនឹងមានទិន្នន័យ ដើម្បីពិចារណាថា តើអាជីវកម្មរបស់បុគ្គលនោះ ត្រូវតែចុះបញ្ជី តែមិនត្រូវបង់ពន្ធ ឬអាចដល់កម្រិតមួយថា ត្រូវទៅចុះបញ្ជីហើយបង់ពន្ធតែម្ដង។
ដោយឡែកលោកក៏បានបង្កត់ធ្ងន់បន្ថែមថា មានករណីមួយទៀត ដែលម្ចាស់អាជីវកម្មត្រូវទៅចុះបញ្ជី ប៉ុន្តែមិនតម្រូវឱ្យបង់ពន្ធទេ គឺមានដូចជាប្រភេទអាជីវកម្មដែលមានប្រាក់ចំណូលសរុប ឬផលរបរតិចជាង 62500$ បើលុយខ្មែរស្មើ ២៥០លានរៀលក្នុងមួយឆ្នាំ។ ដូច្នេះឱ្យតែម្ចាស់អាជីវកម្មនោះ មានចំណូលតិចជាង២៥០លានរៀលក្នុងមួយឆ្នាំ គឺត្រូវចុះបញ្ជីនៅមន្ទីពាណិជ្ជម្ម ឬច្រកចេញចូលតែមួយដែរ តែមិនតម្រូវឱ្យចុះបញ្ជីស្នាមគណនីបង់ពន្ធឡើយ។
លោកបានបញ្ជាក់ដែរថា សម្រាប់អាជីវកម្មដូចខាងលើ ដែលត្រូវចុះបញ្ជី តែមិនតម្រូវឱ្យបង់ពន្ធ គឺត្រូវទៅចុះបញ្ជីនៅមន្ទីពាណិជ្ជកម្ម ឬច្រកចេញចូលតែមួយរបស់ក្រសួងពាណិជ្ជម្ម ដោយពេលចុះរួច គឺមានសុពលភាពមួយឆ្នាំពេញ ហើយពេលចប់១ឆ្នាំ នឹងត្រូវពិនិត្យម្ដងទៀត ប្រសិនបើអាជីវកម្មនោះរីកចម្រើនទៅដល់កម្រិតមួយ! ខាងមន្ទីពាណិជ្ជម្មនឹងអាចរុញគាត់ ឱ្យចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មផ្ទាល់តែម្ដង។ ក្រោយចុះរួច គេអាចនឹងដឹងថាអាជីវកម្មនេះ គួរជាប់ពន្ធតូច ជាប់ពន្ធមធ្យម ឬពន្ធធំ អាស្រ័យលើផលរបរប្រចាំឆ្នាំរបស់គាត់។
ករណីមួយទៀត សម្រាប់ប្រភេទអាជីវកម្មដែលតម្រូវឱ្យចុះបញ្ជីផង និងបង់ពន្ធផង ប្រសិនបើម្ចាស់អាជីវកម្មអត់ចុះបញ្ជីក៏ខុសច្បាប់ ហើយបើចុះបញ្ជីហើយ មិនទៅបង់ពន្ធក៏ខុសច្បាប់។ ប្រភេទដែលត្រូវចុះបញ្ជីផង និងបង់ពន្ធផងនេះ ភាគច្រើនរួមមានដូចជា កសិកម្ម សេវាកម្ម ពាណិជ្ជកម្ម និងសហគ្រាស ដោយចំណូលរបស់អាជីវកម្មទាំងនេះ មានផលរបរចាប់ពី 62500$ ឬលុយខ្មែរស្មើ ២៥០លានរៀលឡើង គឺត្រូវចុះបញ្ជី និងជាប់ពន្ធតូច មធ្យម ឬធំទៅតាមការពិសេសរបស់ក្រសួង។
សរុបមកអ្វីដែលលោកគង់ គឹមសុផាត បានលើកឡើងគឺ និយាយជារួមអាជីវកម្មតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ គ្រប់ទម្រង់ទាំងអស់ មិនថានៅលើ Social Media ទាំងនៅក្នុងប្រព័ន្ធ Software ដូចជា App ឬគេហទំព័រ ឱ្យតែមានប្រតិបត្តិការលក់ ឬរកប្រាក់ចំណូលលើសពី១៥ថ្ងៃឡើង មានន័យថាមានចំណូលចាប់ពី១៥ថ្ងៃទៅ គឺត្រូវចុះបញ្ជី។ ហើយថ្មីៗនេះ ក្រសួងក៏ទើបប្រកាសរួចហើយដែរ ប្រសិនបើរកឃើញថាមិនមានការចុះបញ្ជី សម្រាប់អាជីវកម្មដែលត្រូវចុះបញ្ជី គឺត្រូវរងការពិន័យនិងផ្តន្ទាទោសទៅច្បាប់ជាមិនខាន។
អត្ថបទដោយ៖ ផែន ផាន់ណា