ក្រសួងយុតិ្តធម៌ថៃ បាននឹងកំពុងបង្កើតប្រព័ន្ធមួយ ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីឱ្យប្រជាជនតាមតំបន់នីមួយៗក្នុងប្រទេសរបស់ខ្លួន អាចចូលទៅរាយការណ៍ពីសកម្មភាពជួញដូរគ្រឿងញៀនទៅកាន់អាជ្ញាធរ ខណៈអ្នករាយការណ៍នឹងទទួលបានកាដូ និងមិនមាននរណាម្នាក់តាមដានដឹងពីអត្តសញ្ញាណរបស់អ្នករាយការណ៍ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ thaipbsworld។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះមានប្រជាជនថៃបានដឹង និងមានព័ត៌មាន អំពីសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ជាច្រើនក្នុងដៃ ប៉ុន្តែពូកគេមិនហ៊ានរាយការណ៍ ទៅកាន់សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ឡើយ ព្រោះខ្លាចអ្នកជួញដូរគ្រឿងញៀនទាំងនោះដឹង ហើយធ្វើបាបពួកគេ និងក្រុមគ្រួសារ។ ដោយមើលឃើញពីភាពភ័យខ្លាចបែកការបែបនេះ ក្រសួងយុទ្ធធម៌ថៃ បានប្រើប្រព័ន្ធ Blockchain ដើម្បីជួយឱ្យប្រជាជនទាំងនោះ អាចរាយការណ៍បាន ដោយលាក់បាំងអត្តសញ្ញាណបានជិតបំផុត ពោលគឺបច្ចេកវិទ្យា Blockchain គ្មាននរណាម្នាក់អាច Hack ចូលទៅមើលទិន្នន័យបានឡើយ។
បច្ចេកវិទ្យា Blockchain អាចដោះស្រាយបញ្ហា ខ្លាចបែកការអត្តសញ្ញាណអ្នកផ្ដល់ព័ត៌មាននេះបានដោយសុវត្ថភាពបំផុត ព្រោះការចរាចរណ៍ទិន្នន័យទាំងអស់ ដែលគេបានរាយការណ៍ទៅប៉ូលិស គឺមិនអាចតាមដានបានទេ ដូច្នេះវានឹងជួយលាក់នូវរាល់អត្តសញ្ញាណផ្សេងៗរបស់អ្នករាយការណ៍។ ប្រភពដដែលបន្ថែមទៀតថា បច្ចេកវិទ្យា Blockchain នឹងត្រូវប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងប្រទេសថៃនេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា